ចង់ឆាប់បានចេញបង្កើតហ្រ្វេនឆាយ សហគ្រិនខ្មែរគួរចាប់ផ្តើមចំណាយលើរឿង៣នេះសិន

សហគ្រិនក្នុងស្រុកមួយចំនួនមានគំនិតបង្កើតយីហោក្នុងស្រុក និងចង់ពង្រីកខ្លួនជាយីហោហ្រ្វេនឆាយក្នុងស្រុក ហើយចង់នាំចេញក្រៅស្រុកទៀតផង។ ប៉ុន្តែបើនិយាយពីវិធីដែលអាចទៅរួចទេ ប្រសិនបើសហគ្រិនក្នុងស្រុក មិនអភិវឌ្ឍន៍អាជីវកម្មរបស់ខ្លួនទៅលើចំណុចសំខាន់ៗមួយចំនួនដែល Business Cambodia នឹងរៀបរាប់ដូចខាងក្រោម៖

១.បង្កើតស្តង់ដារ

ការងាកចេញពីប្រភេទអាជីវកម្មបែបគ្រួសារមកជាក្រុមហ៊ុនមួយស្តង់ដារ គឺជាការចាប់ផ្តើមថ្មី ហើយក៏ជាបន្ទុកចំណាយមួយចំនួនសម្រាប់ម្ចាស់អាជីវកម្មទៅលើបុគ្គលិក ការវិនិយោគទៅលើទីតាំង និងសម្ភារៈបរិក្ខាជាច្រើនទៀត ដែលការវិនិយោគនេះ​ គឺជាការបង្កើតនូវគម្រូអាជីវកម្មមួយដែលមានទុនវិនិយោគខ្បស់ជាងមុន ស្តង់ដារ និងដើម្បីអនាគតវែងឆ្ងាយ។

២.ចំណាយលើការសិក្សា និងស្រាវជ្រាវ

ដើម្បីក្លាយជាយីហោហ្រ្វេនឆាយ ប្រាកដណាស់អាជីវកម្មនោះ ត្រូវមានការអភិវឌ្ឍន៍ផលិតផល ឬសេវាកម្មជាទៀតទាត់ ដែលជាសមិទ្ធផល ពីក្រុមការងារផ្នែកផលិតផល និងអ្នកសិក្សាលើទីផ្សារ ដែលមានតម្រូវការខ្ពស់ឡើងៗជារៀងរាល់ថ្ងៃ។ ដូច្នេះការចំណាយនេះ គឺជាវិធីសាស្រ្តមួយ ដើម្បីបង្កើតផលិតផល ឬសេវាកម្មថ្មី សម្រាប់បំពេញតម្រូវការទីផ្សារផង និងពង្រីកទីផ្សារផង។

៣.វិនិយោគលើការកសាងយីហោ

ការផ្សព្វផ្សាយ និងការបង្កើននូវគុណតម្លៃនៃយីហោតាមរយៈការជួយដល់សង្គម និងការងារសាធារណៈក៏ជាការផ្នែកមួយដែរ ដែលម្ចាស់អាជីវកម្មត្រូវគិតគូរ។ ការវិនិយោគនេះ គឹដើម្បីបង្កើតវប្បធម៌មួយ ដែលផ្សារភ្ជាប់គ្នារវាងអាជីវកម្មទៅនឹងសង្គម បើអាជីវកម្មមានការរីកចម្រើន សង្គមកាន់តែរីកចម្រើន នោះយីហោនោះកាន់តែមានតម្លៃកើនឡើង៕

 

អត្ថបទដោយ៖ NOUN VANNAK

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES