CEO ផ្សារមូលបត្រប្រាប់មូលហេតុធំ៣ ធ្វើឱ្យអាជីវកម្ម១ពិបាករកអ្នកដាក់លុយវិនិយោគជាមួយបំផុត

អាជីវកម្មទើបតែកើតថ្មីទាមទារខ្លាំងណាស់នូវចំណុចដ៏លេចធ្លោ និងចេះពីរបៀបធ្វើទីផ្សារឱ្យបានចំគោលដៅ ពិសេសចេះពីវិធីពង្រីកខ្លួនដោយមិនចាំបាច់ប្រើលុយហោប៉ាវខ្លួនឯងកាន់តែប្រសើរ ត្បិតការប្រើប្រាស់លុយអ្នកដទៃដើម្បីពង្រីកខ្លួននឹងធ្វើឱ្យអាជីវកម្មអ្នករីកខ្លួនបានកាន់តែលឿនកាន់តែធំ និងកាន់តែរឹងមាំ។

ឯកឧត្តម ហុង សុហួរ អគ្គនាយកក្រុមហ៊ុន (CSX) បានលើកឡើងពីមូលហេតុធំចំនួន៣ដែលធ្វើឱ្យអាជីវកម្មថ្មី១ពិបាកក្នុងការរកឃើញជោគជ័យ ហើយក៏ពិបាកខ្លាំងណាស់ដែរក្នុងការរកអ្នកដែលស្ម័គ្រចិត្តចុះទុនវិនិយោគជាមួយ។ 

តាមប្រសាសន៍របស់ឯកឧត្តមបានប្រាប់ឱ្យដឹងថា កត្តាធំជាងគេដំបូងគេនោះគឺអាជីវកម្មដែលគ្មានភាពច្នៃប្រឌិត រកស៊ីតាមគ្នាគ្មានភាពលេចធ្លោ ហើយក៏គ្មានចំណុចពិសេសអ្វីដែរ ដែលធ្វើឱ្យអ្នកវិនិយោគមើលមិនឃើញចំណុចទាក់ទាញណាមួយគួរឱ្យចុះទុនវិនិយោគជាមួយឡើយ ទន្ទឹមនឹងនោះ អាជីវកម្មប្រភេទនេះក៏ពិបាកក្នុងការទាក់ទាញអតិថិជន ធ្វើឱ្យគេឯងស្គាល់ និងប្រើប្រាស់សេវាកម្ម ឬផលិតផលរបស់ខ្លួនដូចគ្នាដែរ។

ឯកឧត្តមបានបន្ថែមថា៖ កត្តាធំទី២ដែលធ្វើឱ្យអាជីវកម្មមួយពិបាកក្នុងការរកទុនវិនិយោគគឺអាជីវកម្មដែលមានភាពអន់ថយក្នុងការកំណត់គោលដៅទីផ្សារ នាំឱ្យការធ្វើផ្សព្វផ្សាយគ្មានភាពជាក់លាក់ ហើយក៏ពិបាកក្នុងការទាក់ចិត្តអតិថិជន ក៏ដូចជាអ្នកវិនិយោគផងដែរ។​

កត្តាធំចុងក្រោយនោះគឺការអាជីវកម្មរកស៊ីបែបបុរាណ ឬហៅថាអាជីវកម្មដែលរកស៊ីលក្ខណៈគ្រួសារ មិនមានបំណងបង្កើតប្រព័ន្ធស្តង់ដា មិនមានបំណងចង់ពង្រីកខ្លួនឱ្យធំនិងច្រើនសាខាក្នុងពេលអនាគត ដែលអាជីវកម្មប្រភេទនេះគ្មានវិនិយោគិនណាមួយចាប់អារម្មណ៍ចង់ចុះទុនជាមួយឡើយ ហើយក៏ជាអាជីវកម្មដែលខំប្រឹងរកស៊ីស្ទើរស្លាប់ស្ទើររស់បានត្រឹមតែមួយរស់សម្រាប់តែគ្រួសារម្ចាស់អាជីវកម្មនោះប៉ុណ្ណោះ៕

 

អត្ថបទដោយ៖ MENG SONGHUA

CEO ផ្សារខ្មែរ

Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES