មកស្គាល់ហ្រ្វេនឆាយFastfood អាស៊ី៣ ដែលពង្រីកទីផ្សារបានច្រើនប្រទេសជាងគេ

និយាយពីអាជីវកម្មហ្វ្រេនឆាយ មិនថាកម្ពុជាទេ សូម្បីនៅអាស៊ីទាំងមូលក៏ជាបរិបទថ្មីដែរ អ្នកសហគ្រិនជាច្រើនកំពុងតែសិក្សា និងចាប់ផ្តើមប្រឡូកក្នុងប្រភេទអាជីវកម្ម ដែលមានប្រព័ន្ធការងារ និងគ្រប់គ្រងច្បាស់លាស់មួយនេះ។

ម្លោះហើយទើប គេឃើញមានយីហោអាស៊ីតិចតួចនៅឡើយដែលពង្រីកខ្លួនបានច្រើនប្រទេស និងច្រើនសាខា សូម្បីប្រភេទអាហារ Fastfood ដែលមានអ្នកនិយមចូលចិត្តច្រើនក្តី ក៏មានយីហោតិចតួចដែរ ដែលអាចពង្រីកខ្លួនបានលឿន និងក្តោបក្តាប់ទីផ្សារបានច្រើន។

ថ្ងៃនេះដែរ Business Cambodia សូមលើកហ្រ្វេនឆាយFastfood អាស៊ី៣ ដែលពង្រីកទីផ្សារបានច្រើនប្រទេសជាងគេ ហើយក៏មានសក្តានុពលក្នុងការពង្រីកបន្ថែមទៀតដែរ នាពេលអនាគត នោះគឺទីមួយ យីហោ ប៊ឺហ្គ័រ ជូលីប៊ី របស់ហ្វីលីពីន ក្រោមការកាន់កាប់រាប់មហាសេដ្ឋីទី៦ ដែលមានអាជីវកម្មហ្រ្វេនឆាយជាច្រើននៅក្នុងដៃ។

ជូលីប៊ី មានសាខាច្រើននៅហ្វីលីពីន ឥណ្ឌូនេស៊ី​ ចិន និងអាមេរិក ហើយក៏គ្រោងពង្រីកខ្លួននៅអាស៊ីដែរ ក្រោយក្រុមហ៊ុនអ្នកមានមួយនេះ ទិញក្រុមហ៊ុនកាហ្វេល្បីមួយរបស់អាមេរិកយកមកកាន់កាប់។ ចំណែកយីហោទីពីរ គឺយីហោ Five Star របស់ក្រុមហ៊ុន CP ដែលមានបទពិសោធន៍ច្រើនឆ្នាំក្នុងការនាំម៉ាត 7-eleven ចូលស្រុកថៃ។

យីហោមួយនេះមានសាខាច្រើនប្រទេសរួចហើយនៅអាស៊ាន និងវាយលុកខ្លាំងនៅទីផ្សារឥណ្ឌាទៀតផង។ រីឯ យីហោចុងក្រោយគេ មានឈ្មោះថា Loteria របស់កូរ៉េ ដែលលក់ប៊ឺហ្គ័រដូច ជូលីប៊ីដែរ បើទោះបីជាមានសាខាតិចជាង ប៉ុន្តែបើគិតពីចំនួនប្រទេស ដែលពង្រីកទៅដល់មានច្រើនជាង ជូលីប៊ី បូករួមទាំងចូលទីផ្សារកម្ពុជាផង។

សរុបមកវិញ យីហោទាំងបីសុទ្ធតែមានសាខាច្រើន ចំណុចពិសេស​ និងរូបមន្តជោគជ័យរៀងៗខ្លួន ខណៈក្រុមហ៊ុនម្ចាស់ដើមរបស់យីហោទាំងនេះសុទ្ធតែមានបទពិសោធន៍ ទៅលើអាជីវកម្មហ្រ្វេនឆាយ និងយុទ្ធសាស្រ្តគ្រប់គ្រងជោគជ័យ នៅពេលចូលទីផ្សារប្រទេសណាមួយ ដែលសហគ្រិនក្នុងស្រុក អាចសិក្សាបាន ប្រសិនបើគិតថានៅខ្វះបទពិសោធន៍ ហើយចង់ចេញធ្វើជាម្ចាស់យីហោហ្វេ្រនឆាយណាមួយ៕

 

អត្ថបទដោយ៖ NOUN VANNAK

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES