មូលហេតុចំនួន ៣ ដែលធ្វើឱ្យមនុស្សធ្វើការរាប់សិបឆ្នាំប៉ុន្តែគ្មានការរីកចម្រើនទាល់តែសោះ

ការរីកចម្រើននៅកន្លែងការងារគឺជាបំណងប្រាថ្នារបស់បុគ្គលិកភាគច្រើនចង់បាន។ មានបុគ្គលិកមួយចំនួនធ្វើការបានត្រឹមតែ ១ឆ្នាំតែប៉ុណ្ណោះ ប៉ុន្តែគេទទួលបានការរីកចម្រើនយ៉ាងឆាប់រហ័ស។ ផ្ទុយទៅវិញមានបុគ្គលិកចាស់ៗមួយចំនួនទៀតចូលធ្វើការរហូតដល់ ៥ ឬ ១០ ឆ្នាំប៉ុន្តែហាក់ដូចជាមិនមានភាពរីកចម្រើនអ្វីជាដុំកំភួនទាល់តែសោះ ចាញ់បុគ្គលិកដែលចូលមកធ្វើការក្រោយៗផង។ តើមកបីមូលហេតុអ្វីទៅ? ខាងក្រោមនេះគឺជាមូលហេតុចំនួន ៣ ដែលធ្វើឲ្យមនុស្សធ្វើការរាប់សិបឆ្នាំប៉ុន្តែគ្មានការរីកចម្រើនទាល់តែសោះ។ 

ធ្វើការងារដែលខ្លួនមិនស្រលាញ់៖ នៅពេលដែលមនុស្សធ្វើអ្វីមួយដែលខ្លួនមិនស្រលាញ់ នោះគេងាយនឹងបោះបង់ ឬធ្វើការលំៗមិនខិតខំប្រឹងប្រែងអស់ពីសមត្ថភាពរបស់ខ្លួន និង មើលតែម៉ោងដើម្បីឈប់សម្រាកតែប៉ុណ្ណោះ។ តើអ្នកអាចរីកចម្រើនដោយរបៀបណាទៅបើសិនអ្នកធ្វើការងារលំៗមិនខិតខំប្រឹងប្រែងអស់ពីសមត្ថភាពផងនោះ?

ផ្ដោតតែទៅលើបញ្ហា៖ ជាទូទៅមនុស្សដែលមានការរីកចម្រើនឆាប់រហ័ស ពួកគេតែងតែផ្ដោតទៅលើដំណោះស្រាយថ្មីៗនៅពេលដែលគេជួបប្រទះជាមួយនឹងបញ្ហា ប៉ុន្តែមនុស្សដែលមានផ្នត់គំនិតមិនរីកចម្រើន គឺពួកគេផ្ដោតទៅលើបញ្ហា ចូលចិត្តត្អូញត្អែរ និងរកលេសគ្រប់បែបយ៉ាងដើម្បីគេចចេញពីការធ្វើកិច្ចការដែលខ្លួនមិនចូលចិត្ត។ 

គ្មានភាពជាអ្នកដឹកនាំ៖ មនុស្សដែលគ្មានភាពជាអ្នកដឹកនាំនៅក្នុងខ្លួនគឺពួកគេតែងតែខ្លាចក្នុងការបង្កើតនូវកំហុស ឬធ្វើអ្វីមួយឲ្យបានមុនគេ។ គេតែងតែព្យាយាមធ្វើតាមអ្វីៗដែលមេដាក់ឱ្យតែប៉ុណ្ណោះ បើសិនជាមេឱ្យធ្វើកិច្ចការងារ ១០ជំពូក គាត់ព្យាយាមធ្វើឲ្យបានត្រឹមតែ ១០ ឬពេលខ្លះធ្វើមិនបាន ១០ ផងក៏មាន។ មនុស្សដែលមានភាពជាអ្នកដឹកនាំក្នុងខ្លួនពួកគេមានភាពភ្ញាក់រលឹកចំពោះខ្លួនឯងជានិច្ច ហើយពួកគេតែងតែដឹងយ៉ាងច្បាស់ថាគួរធ្វើអ្វី បើទោះបីជាពេលខ្លះមិនមានការដាក់បញ្ជាពីថ្នាក់លើក៏ដោយ។ នៅពេលដែលមនុស្សមានភាពជាអ្នកដឹកនាំក្នុងខ្លួន ភាគច្រើនគឺគេងាយនឹងឡើងតំណែង ឬតួនាទីជាងមនុស្សដែលគ្មានភាពជាអ្នកដឹកនាំក្នុងខ្លួន។ 

អត្ថបទដោយ៖ ឡុង វឌ្ឍនៈ (Leadership Writer)

ម្ចាស់ស្នាដៃសៀវភៅ “ស្មុគស្មាញ” ដែលជាសៀវភៅធ្វើឲ្យអ្នកស្គាល់ច្បាស់ពីខ្លួនឯង កំចាត់ចោលនូវភាពស្មុគស្មាញក្នុងចិត្ត និងបង្កើនគុណភាពជីវិតរបស់អ្នកឲ្យមានភាពសប្បាយរីករាយជាងមុន។

Adtag for Mobile Grow:-
Online

RELATED ARTICLES