ចំណុចស្លាប់រួមមួយ ធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្ស៣ បរាជ័យក្ស័យធនដោយមិនដឹងខ្លួន

ការរកស៊ីមិនមែនជារឿង​ងាយស្រួលនោះទេ ហើយភាពជោគជ័យមិនមែនកើតឡើងភ្លាមៗដែរ ជាងនេះទៅទៀតការបរាជ័យចាំស្វាគមន៍ជានិច្ច​ទោះចង់ឬមិនចង់ ដោយគ្រាន់តែកំហុស​តូច​មួយឬប្រហែសបន្តិ​ច​តែប៉ុណ្ណោះ។

តួរយ៉ាង​ក្រុមហ៊ុនបច្ចេកវិទ្យា​យក្ស​៣ Kodak, Nokia និង Yahoo ធ្លាប់រកស៊ីឡើង​ដល់ចំណុច​កំពូល ប៉ុន្តែ​ត្រូវ​ធ្លាក់ដល់បាតមកវិញ ដោយសារតែ​មាន​កំហុស​ ដែលអ្នកជំនាញមើលឃើញថា​ជាកំហុស​ច្រំដែលដោយមិនព្រមរៀនពីគ្នា។

និយាយពីរឿង Kodak ដំបូងឡើយក្រុមហ៊ុនមួយនេះជាក្រុមហ៊ុន​ផលិតកាមេរ៉ាប្រើហ្វីល​លក់ល្បីបំផុត សម័យនោះគេហៅគាត់ថា ជាស្ដេចនៃទីផ្សាររូបថតនៅសតវត្សទី២០។

ប៉ុន្តែ​ចាប់ពីចុងទស្សវត្សទី៩០មក ការបង្កើតកាមេរ៉ាឌីជីថល​ពោលកាមេរ៉ាដែលថត​មិនចាំបាច់ត្រូវប្រើហ្វីល ចាប់ផ្ដើមកកើតឡើង ហើយកាលណោះ Nikon និង Cannon ប្រឹងស្រាវជ្រាវ​និង​ផលិតលក់យ៉ាងញាប់ដៃញាប់ជើង។

Kodak នៅតែមិនខ្វាយខ្វល់ អាច​ថា​ដោយសារខ្លួនមានទីផ្សារ​ធំរួចមកហើយនោះ ប៉ុន្តែចង់មិនចង់ការមិនខ្វាយខ្វល់នេះ បាននាំទុក្ខឱ្យខ្លួនទៅវិញទេ ដោយនៅឆ្នាំ ២០១២ Kodak ត្រូវ​ប្រកាស​ក្ស័យធុន ហើយមកទល់ឥឡូវនេះក្មេង​ៗជំនាន់ក្រោយខ្លះអាច​នឹង​មិនស្គាល់ Kodak ទៀតនោះទេ បើគេនិយាយពីកាមេរ៉ានោះ មនុស្សជំនាន់ក្រោយអាច​ស្គាល់ត្រឹមយីហោ Canon, Nikon ឬ ​Sony ជាដើម។

បន្តមកទៀត យើង​ងាកមកមើលសាច់រឿង​របស់ Nokia ម្ដង ដែលគ្រប់គ្នា​ស្គាល់ហើយថាយីហោទូរស័ព្ទមួយនេះល្បីណាស់កាលពីមុន​ ក្រុមហ៊ុនមួយនេះបានគ្របដណ្ដប់ទីផ្សារ​ទូរស័ព្ទទូរទាំងសកលលោកស្ទើរ​តែទាំងស្រុង​ទៅហើយ​។

មកដល់ខ្ទង់ឆ្នាំ ២០០៧ Steve Jobs បានប្រកាសបង្ហាញ iPhone ដំបូងៗទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង​ ប៉ុន្តែ Nokia វិញពុំមាន​ព្រឺខ្លួន ភ្ញាក់ផ្អើលនឹង iPhone ឡើយ​ ដោយក្រុមហ៊ុន​នៅតែបន្តលក់ទូរស័ព្ទប្រើប៊ូតុង​បន្ត រហូតដល់ Android ចេញរូបរាង​ ទើបខ្លួនចាប់ផ្ដើមភ្ញាក់ខ្លួនស្រវេស្រវ៉ាចាប់ទីផ្សារស្មាតហ្វូននឹងគេនឹងឯងដែរ។

យ៉ាង​ណាក៏ដោយ វាហាក់ដូចជាហួសពេលហើយសម្រាប់ Nokia រហូតដល់ឆ្នាំ ២០១៣ Nokia លក់អាជីវកម្មខាង​ផ្នែកទូរស័ព្ទ​ឱ្យ Microsoft ទាំងស្រុង ដែលត្រូវ​បាន​អ្នកតាមដានបច្ចេកវិទ្យា​លើកឡើងថាជាបរាជ័យ​យ៉ាងធំមួយសម្រាប់បងធំដែលធ្លាប់​ក្ដោបក្ដាប់ទីផ្សារទូរស័ព្ទ​អស់ជាច្រើនឆ្នាំមកហើយនោះ។

ជាចុងក្រោយនេះ​គឺ Yahoo ដែលគាត់ធ្លាប់ជាអ្នកគ្របដណ្ដប់អ៊ីនធឺណេតនៅទស្សវត្សទី ៩០ ប៉ុន្តែត្រូវ​ចាញ់ក្រោមដៃក្មេងទើបចប់សាកលវិទ្យាល័យពីររូបទៅវិញ មានឈ្មោះថា Sergey Brin និង Larry Page ដែលជាស្ថាបនិកក្រុមហ៊ុន Google ទៅវិញ។

ចាញ់ក៏ដោយសារដំបូង​ឡើយ Yahoo មិនបានខ្វាយខ្វល់ពីវត្តមាន​របស់ Google នៅលើទីផ្សារ ហើយ Yahoo ក៏មិនគិតថា​ Google នឹងជោគជ័យដូចសព្វថ្ងៃឡើយ ទើប Yahoo មិនបានទិញយក Google ឬក៏ព្យាយាមធ្វើឱ្យដូច Google ដើម្បី​ប្រជែង​នឹង Google វិញ។

និយាយជារួម Kodak Nokia និង Yahoo មានចំណុច​មួយដែលអ្នកវិភាគជាច្រើនមើលឃើញនោះគឺ ការមិនខ្វាយខ្វល់ពីដៃគូរប្រកួតប្រជែង​ និង​ដើរតាមបច្ចេកវិទ្យា។ ក៏ប៉ុន្តែនៅក្នុងសមរភូមិរកស៊ីពិត​ ពិបាកនឹង​មើលឃើញណាស់ថាមួយណាជា​ឱកាស​ធំពិតប្រាកដ ជួនកាល​មានក្រុមហ៊ុនដែលរកឃើញរបកគំហើញថ្មីច្រើនណាស់ តែពួកគេមិនអាច​វិវត្តខ្លួន យក​ផលិតផលឬសេវាកម្មរបស់ពួកគេឡើងលើទីផ្សារធំឬទីផ្សារសកលបាន៕

អត្ថបទដោយ៖ ខុន សក្ក័ដា

ចុច Like Page របស់ខ្ញុំដើម្បីទទួលបានចំណេះដឹងបច្ចេកវិទ្យា​ផ្សេងៗបន្ថែមទៀត៖

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

Online

RELATED ARTICLES