





ជាអ្នករកស៊ីដីធ្លី ការតាមដានព័ត៌មានគឺជារឿងស្លាប់រស់មួយ ដែលត្រូវតែដឹង ត្រូវតែលឺ មិនឱ្យរបូតមួយជំហានឡើយ ដើម្បីដើរឱ្យទាន់សភាពការ ដូច្នេះ ដំណឹងនៃការកសាងផ្លូវក្រវាត់ក្រុង ក៏កំពុងជាប្រធានបទមួយក្ដៅ សម្រាប់អ្នករកស៊ីដីធ្លីដែរ ខណៈពេលដែលផែនទីលម្អិត នៅមិនទាន់បង្ហាញនៅឡើយ គ្រាន់តែដឹងថា ផ្លូវក្រវាត់ក្រុងទី៤នេះមានប្រវែង១៩៥ គីឡូម៉ែត្រ ឆ្លងកាត់ខេត្តចំនួន៤ គឺខេត្តកំពង់ស្ពី តាកែវ កណ្តាល និងខេត្តព្រៃវែង ដោយកាត់ខេត្តកំពង់ស្ពីចំនួន៣ស្រុក ខេត្តតាកែវចំនួន១ស្រុក ខេត្តកណ្តាល៨ស្រុក និងខេត្តព្រៃវែង២ស្រុក។
ចំពោះសក្តានុពលចំពោះខេត្តទាំង៤នេះ យើងសង្កេតឃើញថា មានភាពប្លែកៗពីគ្នា ដូចជា៖
ខេត្តកំពង់ស្ពឺ: មានផ្លូវជាតិលេខ ៤៤ សក្ដានុពលខាងវិស័យកសិកម្ម-ឧស្សាហកម្ម , ផ្លូវជាតិលេខ៥១ និងផ្លូវជាតិលេខ ៤១សក្ដានុពលរបស់ខ្លួន ក្នុងការទាក់ទាញលើការវិនិយោគ និងអភិវឌ្ឍន៍ជាបណ្តើរៗហើយដូចជាគម្រោងបង្កើតរោងចក្រ សិប្បកម្ម ឃ្លាំង ដែលស្របតាមការកំណត់ទីតាំងរបស់រដ្ឋាបាល ហើយក៏មានគម្រោងអភិវឌ្ឍន៍វិស័យលំនៅដ្ឋានតម្លៃកម្រិតមធ្យម និងក្រោមមធ្យមផងដែរ។
ខេត្តតាកែវ: បច្ចុប្បន្នខេត្តតាកែវបានក្លាយជាទីតាំងប្រមូលផ្តុំនៃរោងច្រក សហគ្រាស ឧស្សាហកម្មផ្នែកសិប្បកម្ម ដែលបានបោះទីតាំងជាច្រើនក្នុងខេត្ត ហើយក៏ជាគោលដៅសំខាន់នៃការវិនិយោគក្នុងវិស័យឧស្សហកម្មរបស់អ្នកវិនិយោគជាតិ និងអន្តរជាតិផងដែរ។
ខេត្តកណ្តាល: ខេត្តនេះមានអំណោយផលដល់វិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដូចជា មានតំបន់សេដ្ឋកិច្ចពិសេស មានផ្លូវក្រវ៉ាត់ក្រុងទី៣ មានផែស្ងួត មានរោងចក្រ សហគ្រាសធំៗ ឃ្លាំងផ្ទុកទំនិញនានា ក៏ដូចជាគម្រោងអភិវឌ្ឍលំនៅដ្ឋានប្រណីត និងលំនៅដ្ឋានតម្លៃមធ្យមជាដើម ដែលជួយបង្កើតឱកាសការងារដល់ប្រជាជនជាច្រើនម៉ឺននាក់។
ខេត្តព្រៃវែង: ជាខេត្តដែលមានសក្តានុពល លើវិស័យកសិកម្ម ដែលប្រជាពលរដ្ឋប្រមាណ៧៨,៦% ជាគ្រួសារកសិករ និងជាខេត្ត ដែលជាប់ចំណាត់ថ្នាក់លេខ១ នៅទូទាំងប្រទេស លើវិស័យកសិកម្ម(ឆ្នាំ២០១៩ និងឆ្នាំ២០២០) ហើយកាលពីពេលកន្លងទៅនេះ ក្រុមហ៊ុន Jiangxi Haihui Utility Co., Ltd. មានគោលបំណងចង់អភិវឌ្ឍន៍តំបន់ក្នុងខេត្តព្រៃវែងមួយនេះឲ្យក្លាយជាទីក្រុងរណបមួយដែលមានសក្តានុពលលើគ្រប់វិស័យ រួមមាន តំបន់កំសាន្ត ខុនដូ តំបន់ពាណិជ្ជកម្ម និងជាតំបន់ឧស្សាហកម្មផងដែរ។
ហើយបើយើងក្រឡេកមើល តម្លៃដីធ្លីត្រួសៗនៅតាមផ្លូវក្រវាត់ក្រុងទី៣ បច្ចុប្បន្ននេះការទិញលក់ បានកើតមានជាហូរហែ ហើយតម្លៃដីធ្លីបានកើនឡើងតាំងពីយូរមកហើយដែល ចន្លោះពីផ្លូវជាតិលេខ ៣ ទៅផ្លូវជាតិលេខ ៤ មានតម្លៃជាមធ្យម ២០០ ទៅ ៣០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ។
ចំណែកឯចាប់ពីផ្លូវជាតិលេខ ៣ ទៅដល់កោះអន្លង់ចិន មានតម្លៃចន្លោះពី ១៥០ ទៅ ២០០ ដុល្លារ និងចាប់ពីកោះអន្លង់ចិនទៅដល់ផ្លូវជាតិលេខ ១ មានតម្លៃជាមធ្យមពី ២៥ ទៅ ៤០ ដុល្លារ។ នេះបើយោងតាមភ្នាក់ងារអចលនទ្រព្យប្រចាំក្រុមហ៊ុនឯកជនម្នាក់បានប្រាប់Business Cambodia។តម្លៃនេះបើប្រៀបនឹងរយៈពេល ២-៣ ខែកន្លងមក គឺមិនកើនឡើងទេ តែបើយើងធៀបនឹងដើមឆ្នាំ ២០១៨ គឺមានកំណើនខ្ពស់ ដោយតំបន់នៅជិតផ្លូវជាតិលេខ ១ រហូតដល់កោះអន្លង់ចិន មានកំណើនចន្លោះពី ៣០ ទៅ ៥០ ភាគរយ ខណៈតំបន់ផ្សេងទៀតមានកំណើនប្រហែល ១០-១៥ ភាគរយ។
ក៏ប៉ុន្ដែ យើងក៏មិនលើកទឹកចិត្តបងប្អូន ឱ្យផ្អើលឈូឆរតាមគេដែរ នេះគ្រាន់តែជាព័ត៌មានមួយ ជាជំនួយក្នុងបើកផ្លូវក្នុងការវិនិយោគ ដូច្នេះមុនបោះលុយ យើងត្រូវមានការសិក្សាច្បាស់លាស់ ត្រូវស្គាល់ខ្លួនឯង និងប្រើភាពឆ្លាតវៃ ថាយើងគួរវិនិយោគរបៀបណា ផ្លូវមួយណា ជៀសវាងផ្អើលតាមគេ នាំឱ្យខាតបង់ប្រាក់។
អត្ថបទដោយ៖ នឹម ផានុន (Pranun)