គម្រោងអភិវឌ្ឍន៍ជាង២៣ពាន់លានដុល្លារ នៅកែបនឹងកំពត នឹងចាប់ផ្តើមនៅខែមេសានេះហើយ

February 15, 2017

“​ French Riviera Marina”​ ដែលជាគម្រោងអភិវឌ្ឍន៍ដ៏ធំផុតនៅតំបន់មាត់សមុទ្រស្ថិតក្នុងខេត្តកំពត ដែលមានតម្លៃ ២៣.២ពាន់លានដុល្លារអាមេរិក នឹងធ្វើការកែប្រែមុខមាត់ថ្មីខេត្តជាប់តំបន់មាត់សមុទ្រមួយនេះ ដែលធ្លាប់តែស្ងៀមស្ងាត់ហើយគម្រោងនេះនឹងចាប់ផ្តើមបើកការដ្ឋានជាផ្លូវការនៅខែមេសា ២០១៧ នេះហើយ។

គម្រោង “​ French Riviera Marina”​ ជាគម្រោងវិនិយោគរបស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិ Pallas Group ដែលគម្រោងវិនិយោគនេះ ត្រូវបែចែកជា២ ដែលមួយនឹងត្រូវវិនិយោគ ក្នុងខេត្តកំពត លើផ្ទៃដីចំនួន៤,១៥៨ ហិកតាហើយមួយទៀតនឹងវិនិយោគក្នុងខេត្តកែប លើផ្ទៃដីចំនួន១៤៤ ហិកតា ហើយគម្រោងនេះ គ្រោងអាចនឹងចាប់ផ្ដើម ក្នុងខែ មេសា ឆ្នាំ ២០១៧នេះហើយ។

គម្រោងអភិវឌ្ឍន៍នេះ រួមមានការសាងសង់ជា តំបន់រស់នៅ តំបន់ធុរកិច្ច តំបន់ទេសចរណ៍ អគារលំហែកាយ ដូចជាស្ទូឌីយោ ខ្សែភាពយន្ត និងមជ្ឈមណ្ឌលជិះសេះជាដើម។

លើសពីនេះ គម្រោង French Riviera Marina នៅខេត្តកំពត នឹងផ្តល់ជូននូវតំបន់ឧទ្យាននៅតាមសមុទ្រដ៏មានសុវត្ថិភាព ដែលក្នុងនោះរួមមាន សណ្ឋាគារ ភូមិគ្រឹះ ផ្ទះល្វែង ឧទ្យានសំរាប់លេងទឹក ឆ្នេរសមុទ្រសិប្បនិម្មិត  និងឆ្នេរសមុទ្រឯកជន ទីលានវាយកូនហ្គោល  កំពង់ផែសំរាប់លំហែកម្សាន្ត ឧទ្យានសំរាប់លេងកម្សាន្ត  ហាងលក់សំលៀកបំពាក់ និងកន្លែងជាច្រើនទៀត ។ ជាពិសេស គម្រោងនេះក៏នឹងមានសាលារៀន និងមជ្ឈមណ្ឌលកីឡា ហើយតំបន់នេះ នឹងត្រូវតភ្ជាប់គ្នាទៅវិញទៅមកដោយព្រែក និងរថយន្តខ្សែកាប។

តាមរយៈគម្រោងនេះ នឹងផ្ដល់ការងារជាង ៥ម៉ឺនកន្លែងក្នុងអំឡុងពេលសាងសង់ ហើយនៅពេលសាងសង់រួចរាលននឹងផ្ដល់ការងារដល់ប្រជាពលរដ្ឋរាប់ពាន់នាក់ផងដែរ។

នៅពេលដែល គម្រោងនេះ ត្រូវបានបញ្ចប់នឹង ដាក់ឲ្យដំណើរការជាផ្លូវការ វានឹងក្លាយទៅជា គោលដៅអន្តរជាតិ សម្រាប់ការរស់នៅ សម្រាប់ការធ្វើធុរកិច្ច ទេសចរណ៍ និងការផលិតខ្សែភាពយន្ត ជាពិសេសនោះគឺវានឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិទូទាំងពិសេសពិភពលោក មកលេងកម្សាន្ត និងស្នាក់នៅក្នុងរយៈពេលយូរផងដែរ ហើយក្រុមហ៊ុន Pallas Group ក៏មានគម្រោងវិនិយោគនៅក្នុងខេត្តសៀមរាបផងដែរ៕

អត្ថបទដោយ៖ ហុង

 

Facebook Comment