កម្ពុជានាំចេញជ័រកៅស៊ូទៅទីផ្សារបរទេសបានប្រមាណ១៤ម៉ឺនតោននៅឆ្នាំ២០១៦

January 12, 2017

កម្ពុជាបាននាំចេញជ័រកៅស៊ូទៅកាន់ទីផ្សារបរទេសបានចំនួនប្រមាណ ១៤៥,២០០​តោន នៅ​ឆ្នាំ​២០១៦កើនឡើង១៣,៤០ភាគរយ​បើធៀប​នឹង​ឆ្នាំ​មុន​ស្របពេលដែលផលិលផកៅស៊ូស្ងួតសម្រេចបានចំនួន១៤៨,៣០០តោនកើនឡើង១៦,៩០ភាគរយ។ នេះបើយោងតាមការប្រកាស​ព័ត៌មាន​របស់អគ្គនាយ​កដ្ឋាន​កៅ​ស៊ូកម្ពុជា។

ឯកឧត្តម ប៉ុល សុផា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា អគ្គនាយក នៃ​អគ្គនាយក​ដ្ឋានកៅ​ស៊ូ បានឲ្យដឹងថា  កៅស៊ូបាន​នាំចេញទៅក្រៅប្រទេសបា​ន​ចំនួន ១៤៥,២០០​តោននៅឆ្នាំ​២០១៦​នេះ ពោលគឺកើនឡើងប្រមាណជា​១៣,៤០​ភាគ​រយ​បើធៀបទៅ​នឹងកាលពីឆ្នាំ២០១៥។

លោកក៏បានបន្ថែមទៀតដែរថា ចំពោះការផលិត​វិញគឺផលិតផល​កៅស៊ូស្ងួត​សម្រេច​បានចំនួន​១៤៨,៣០០តោននៅឆ្នាំ២០១៦នេះ កើនឡើង​២០០,០០០​តោន ស្មើនឹង១៦,៩០ភាគរយ។

លោកបានឲ្យដឹងផងដែរថាតម្លៃកៅស៊ូនាំចេញជាមធ្យមថ្លៃ ១២០៣ដុល្លារ ក្នុងមួយតោន បើធៀបនឹងឆ្នាំ ២០១៥ ដែល តម្លៃជាមធ្យម ១៥៣៩ដុល្លារ ក្នុងមួយតោន គឺបានថយចុះ ២១,៨៣ភាគរយ។

គួរបញ្ជាក់ផងដែរថា កម្ពុជាបច្ចុប្បន្នមានផ្ទៃដីដាំកៅស៊ូសរុបចំនួន ៤៣១,៣៣២​ហិក​តា  ដែលស្មើ​នឹង ៦៤,១៩ភាគរយ ក្នុងនោះ ផ្ទៃដីចម្ការកៅ​ស៊ូគ្រួសារ​មាន​ចំនួន​​១៥៤,៤៥៤ហិកតា ស្មើនឹង ៣៥,៨១​ភាគរយនៃផ្ទៃដីសរុប៕

អត្ថបទដោយ៖ពេជ្រ ស្រីវណ្ណ

Facebook Comment