Xiaomi នឹងលក់ទូរស័ព្ទឲ្យបាន ១៤ពាន់លានដុល្លារ ក្នុងឆ្នាំ២០១៧នេះ

January 12, 2017

ក្រុមហ៊ុនទូរស័ព្ទដ៏ល្បីរបស់ប្រទេសចិន Xiaomi បានបង្ហាញពីមហិច្ឆតា​ក្នុង​ការ​លក់​ទូរស័ព្ទរបស់ខ្លួនឲ្យបាន ១៤,៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ​២០១៧នេះ។

លោក Lei Jun ស្ថាបនិកក្រុមហ៊ុន Xiaomi Corp. បានមានប្រសាសន៍ថា ក្រុម​ហ៊ុន​នឹងពង្រីកទីតាំងបន្ថែមប្រមាណ ២០០កន្លែងបន្ថែមទៀត ព្រមទាំង​បង្កើន​ការ​លក់នៅលើផ្សារអនឡាញឲ្យបានកាន់តែធំទូលាយបន្ថែមទៀតនៅឆ្នាំ​នេះ។​

លោកបានបន្ថែមថា ក្រុមហ៊ុន ជាក្រុមហ៊ុន​ផលិត​ទូរស័ព្ទដែល​ទើប​តែនឹងចាប់​ផ្តើម​ឡើង ប៉ុន្តែទទួលបានការគាំទ្រកាន់តែច្រើនឡើងៗ ជាបន្តបន្ទាប់ ជា​ពិសេស ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រហូតធ្វើឲ្យក្រុមហ៊ុន មានតម្លៃ​ប្រមាណ ៤៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ ២០១៤។

កាលពីពេលថ្មីនេះ ក្រុមហ៊ុនទូរស័ព្ទ Xiaomi ក៏បង្ហាញពីមហិច្ឆតារបស់ខ្លួន ចង់​ក្លាយជាក្រុមហ៊ុនផលិតទូរស័ព្ទស្មាតហ្វូនដ៏ធំជាង និងល្អដាច់គេ នា​ពេល​អនា​គត​​។​ ជាងនេះទៅទៀត ក្រុមហ៊ុនេះបានប្រកាស ចង់ធ្វើការ​ប្រកួតប្រជែង​ជា​មួយ​នឹងទូរស័ព្ទ iPhone 7 ដែលជាផលិតផលរបស់ក្រុមហ៊ុនApple ផងដែរ។

គួរជម្រាប់ដែរថា ក្រុមហ៊ុនទូរស័ព្ទ Xiaomi នេះកំពុង​តែដេញ​តាម​ពី​ក្រោយ​ក្រុម​ហ៊ុន​​ទូរស័ព្ទបច្ចេកវិទ្យា Huawei និង Oppo របស់ចិន ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ការវាយលុកការលក់លើទីផ្សារ អនឡាញ។

អត្ថបទដោយ៖ HUA

Facebook Comment