កម្ពុជាចំណាយទឹកប្រាក់២០លានដុល្លារលើគម្រោងផលិតកម្មស្បៀងសម្រាប់រយៈ៣ឆ្នាំ

January 12, 2017

រាជធានីភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជាបានចំណាយទឹកប្រាក់ចំនួន២០លានដុល្លារ លើ​គម្រោង​ជំរុញផលិតកម្មស្បៀង ដើម្បីបង្កើនផលិតកម្មស្រូវក្រអូប និងផលិត​កម្មបន្លែ​នៅ​ប្រទេស​កម្ពុជា។ នេះបើយោងតាមការ​ប្រកាសព័ត៌មាន​របស់ស​ហព័ន្ធស្រូវ​អង្ករ​កម្ពុជា​នាពេល​ថ្មីៗនេះ។

គម្រោងផលិតកម្មស្បៀងដែលចំណាយទឹកប្រាក់២០លានដុល្លារនេះមានរយ:ពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៦-២០១៨ សំដៅបង្កើនពូជស្រូវក្រអូបសរុបឲ្យបាន ១៥០០០ តោន នៅ​ក្នុង​រយ:ពេល៣ឆ្នាំ នៅខេត្តចំនួន១១ និងបង្កើនការផលិតបន្លែសរុបឲ្យបាន ៦ម៉ឺនតោន​ក្នុង​មួយឆ្នាំ នៅខេត្ត ចំនួន៨ ដើម្បីជំរុញផលិតកម្មស្បៀង ឆ្លើយតប​តម្រូវការ​ស្បៀងនៅ​ក្នុង​ទីផ្សារ។

គម្រោងដ៏សំខាន់នេះនឹងធ្វើការជាមួយសហគមកសិកម្ម រោងម៉ាស៊ីន អ្នកផលិតពូជ និង​ភាគី​ពាក់ព័ន្ធដទៃទៀត នៅតាមបណ្តាខេត្តនានា ក្នុងការផលិតពូជ ការធ្វើកិច្ចសន្យា​ផលិត​កម្ម​កសិកម្ម ការផ្តល់ហេដ្ឋារចនាសម្ព័ន្ធ ការបណ្តុះបណ្តាល ការសម្រប​សម្រួល​ជាដើម។

សូមបញ្ជាក់ផងដែរថា សម្រាប់ឆ្នាំ២០១៦កន្លងមកការ​នាំចេញអង្ករ​កម្ពុជាប​រិមាណ​កើន​ឡើង​តិចតួចបំផុតគឺប្រមាណ​សរុប​​បាន ​៥៤២ ​១៤៤ ​តោន​ កើន​ឡើង​ ០,៧​%​ បើ​ធៀប​នឹង​ឆ្នាំ​២០១៥​ ដែល​​មាន​ចំនួន​៥៣៨​ ៣៩៦​​ តោន​។ ដូច្នេះគម្រោងខាងលើនេះ វានឹង​ជួយ​ជំរុញការផលិតស្រូវក្រអូបនៅកម្ពុជានឹងមានចំនួនកើនឡើង ហើយអាចឈាន​ដល់​ការនាំចេញក៏កើនឡើងដូចគ្នាដែរ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

 

Facebook Comment