ក្រុមតំណាងរបស់ម៉ាឡេស៊ី ក្លាយជាជើងឯកថ្នាក់តំបន់ ខណៈក្រុមតំណាងកម្ពុជា បានចំណាត់ថ្នាក់លេខ៤ ក្នុងការប្រកួតជួញដូរភាគហ៊ុនស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន

January 11, 2017

ភ្នំពេញ៖ កាលពីថ្ងៃទី០៩ ខែមករា កន្លងទៅនេះ ក្រុម Raymond Stanley Investment Fund មកពីសាកលវិទ្យាល័យ Taylor’s ប្រទេសម៉ាឡេស៊ី ត្រូវបានជ្រើសរើសជាជើងឯកថ្នាក់តំបន់ជំនាន់ទី៧ នៃកម្មវិធីប្រកួតជួញដូរភាគហ៊ុនស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន ឆ្នាំ២០១៦ ក្នុងព្រឹត្តិការណ៍ប្រកួតជុំផ្តាច់ព្រ័ត្រ នៅប្រទេសសិង្ហបុរី ដែលរៀបចំឡើងដោយ ស៊ីអាយអិមប៊ី គ្រុប។ មិនតែប៉ុណ្ណោះ ក្រុមជើងឯកថ្នាក់តំបន់  Raymond Stanley Investment Fund ក៏ទទួលបានប្រាក់រង្វាន់ ១២ ០០០ដុល្លារអាមេរិក រួមទាំងដំណើរទស្សនកិច្ចសិក្សា ទៅកាន់ទីផ្សារភាគហ៊ុនហុងកុងផងដែរ។

ជាមួយគ្នានេះ ក្រុម The Visionary មកពីសាកលវិទ្យាល័យ AUPP ប្រទេសកម្ពុជា ទទួលបានចំណាត់ថ្នាក់លេខ៤ ជាមួយនឹងប្រាក់រង្វាន់ ៣០០០ដុល្លារអាមរិក។ ក្រុម GNL មកពីសាកលវិទ្យាល័យ Assumption ប្រទេសថៃ ទទួលបានចំណាត់លេខ ២ ជាមួយនឹងប្រាក់រង្វាន់ ៨ ០០០ដុល្លារអាមេរិក។ ហើយក្រុម Fujok មកពីសាកលវិទ្យាល័យ National University of Singapore ប្រទេសសិង្ហបុរី ទទួលបានចំណាត់ថ្នាក់លេខ៣ ជាមួយនឹងប្រាក់រង្វាន់ ៥ ០០០ដុល្លារអាមេរិក ខណៈដែលក្រុម Baktiinvesta មកពីសាកលវិទ្យាល័យ Islamic University of Indonesia ប្រទេសឥណ្ឌូនេស៊ី ទទួលបានចំណាត់ថ្នាក់លេខ៥ ជាមួយនឹងប្រាក់រង្វាន់ ១ ៥០០ដុល្លារអាមេរិក។

លោកស្រី Dato’ Hamidah Naziadin អគ្គនាយិកាធនធានមនុស្ស របស់ស៊ីអាយអិមប៊ី គ្រុប បានឲ្យដឹងថា៖ «កម្មវិធីប្រកួតជួញដូរភាគហ៊ុនតំបន់អាស៊ាននេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្ត របស់ស៊ីអាយអិមប៊ីគ្រុប លើការអភិវឌ្ឍធន​ធាន​មនុស្ស ក្នុងតំបន់។ ការស្រាវជ្រាវលើភាគហ៊ុន ដែលបានជ្រើសរើស និងការវិនិយោគសប្បនិម្មិត ក្នុងផ្សារភាគហ៊ុន នៃប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី ថៃ និងហុងកុង ផ្តល់ឲ្យពួកគេនូវការយល់ដឹងនៃភាពរស់រវើកសេដ្ឋកិច្ច និងសក្តានុពលលូតលាស់នៃតំបន់អាស៊ាន តាមរយៈចំនួនប្រជាជនវ័យក្មេងសម័យបច្ចេកវិទ្យា និងភាពទាក់ទាញការវិនិយោគ នៅក្នុង និងក្រៅតំបន់»។

កម្មវិធីប្រកួតជួញដូរភាគហ៊ុនស៊ីអាយអិមប៊ី ប្រចាំតំបន់អាស៊ាន ត្រូវបានបែងចែកជា២ដំណាក់កាល គឺជុំជម្រើសជាតិ និងថ្នាក់តំបន់ ដែលអនុញ្ញាតឲ្យក្រុមប្រឡង​ អាចជួញដូរនៅលើផ្សារភាគហ៊ុនធំៗទាំង៥ ក្នុង​តំបន់ រួមមាន​ផ្សារភាគហ៊ុន​ប៊ូរសាម៉ាឡេស៊ី (Bursa Malaysia) ផ្សារភាគហ៊ុនឥណ្ឌូនេស៊ី (IDX) ផ្សារភាគហ៊ុនថៃ (SET) ផ្សារភាគហ៊ុនសិង្ហបុរី (SGX) និងផ្សារភាគហ៊ុនហុងកុង (HKEx)។ សម្រាប់ជុំជម្រើសជាតិ ក្រុមចូលរួមប្រឡងត្រូវប្រកួតគ្នា ដើម្បីដណ្តើមជើងឯកថ្នាក់ជាតិ ប្រចាំប្រទេសនីមួយៗ រួមមានប្រទេសកម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី សិង្ហបុរី និងថៃ។

បន្ទាប់មក ក្រុមជើងឯកថ្នាក់ជាតិ តំណាងឲ្យប្រទេសទាំង៥ នឹងត្រូវប្រកួតជុំផ្តាច់ព្រ័ត្រ ដោយធ្វើការវិភាគ និងជ្រើស​រើសភាគហ៊ុនមួយ ដែលគិតថាអាចទទួលបានការចំណេញច្រើនបំផុត ផ្អែកលើប្រវត្តិទិន្នន័យនៃផ្សារភាគហ៊ុនទាំង៥។ ជាចុងក្រោយ ក្រុមប្រឡងត្រូវធ្វើបទបង្ហាញអំពីយុទ្ធសាស្រ្តរបស់ខ្លួន មុនពេលគណៈកម្មការ សម្រេចជ្រើសរើសក្រុមជើងឯក។ ជាលទ្ធផល ក្រុម Raymond Stanley Investment Fund បានក្លាយជាជើងឯកថ្នាក់តំបន់ និងមានចំណាត់ថ្នាក់កំពូលគេ ក្នុងចំណោមក្រុមប្រកួត ចំនួន ៣ ៤៨៩ មកពី ២២២សាកលវិទ្យាល័យ។

គួរជម្រាបផងដែរថា ធនាគារ ស៊ីអាយអិមប៊ី​ ភីអិលស៊ី​ ជាផ្នែកមួយនៃស៊ីអាយអិមប៊ី គ្រុប ដែលបានចាប់ផ្តើមប្រតិបត្តិការ នៅថ្ងៃទី១៩ ខែវិច្ឆិការ ឆ្នាំ២០១០ ដោយបានបើកសាខាពាណិជ្ជទី១ នៅចំកណ្តាលរាជធានីភ្នំពេញ។ បច្ចុប្បន្ន ធនាគារមានសាខាចំនួន ១១កន្លែង នៅក្នុងខេត្តរាជធានីសំខាន់ៗទាំង៥ រួមមានរាជធានីភ្នំពេញ ខេត្តសៀមរាប ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តបាត់ដំបង។ ជាមួយនឹងអតិថិជនសរុបប្រមាណ ១៩.០០០ នាក់ ធនាគារ ស៊ីអាយអិមប៊ី មានផ្តល់ជូនសេវាកម្ម និងផលិតផលធនាគារដ៏ទូលំទូលាយ រួមមានសេវាកម្មហិរញ្ញវត្ថុបុគ្គល សេវាកម្មធនាគារពាណិជ្ជ ព្រមទាំងសេវាកម្មសាជីវកម្ម និងប្រតិបត្តិការធនាគារផងដែរ៕

 

Facebook Comment