អ្នកវិនិយោគខ្មែរ បោះទុន ២លានដុល្លារ បង្កើតសណ្ឋាគារកម្រិតស្ដង់ដានៅជិតផ្សារអូរឫស្សី

January 9, 2017

ភ្នំពេញ៖ សណ្ឋារកម្រិតស្ដង់ដារដែលមានទីតាំងនៅជិតផ្សារអូរឫស្សី ក្បែរនឹងបែនឡានកាពីតូល មានឈ្មោះថា សណ្ឋាគារអូរឫស្សី១ ត្រូវបានសម្ពោធជាផ្លូវការនាយប់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៧ និងបានចំណាយទឹកប្រាក់វិនិយោគអស់ជាង២លានដុល្លារអាមេរិក។

លោក ប៊ុន ជា អគ្គនាយកនៃសណ្ឋាគារអូឬស្សី១ បានថ្លែងឲ្យដឹងថា «ប្រទេសកម្ពុជាយើងសព្វថ្ងៃ ជាប្រទេសកំពុងអភិវឌ្ឍន៍ដែល នាំឲ្យភ្ញៀវទេសចរ មកទស្សនាប្រទេសកម្ពុជាច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ ដូច្នេះខ្ញុំក៏សម្រេចសាងសង់ សណ្ឋាគារលំដាប់ខ្ពស់ និងស្ដង់​ដារ ដើម្បីបំពេញសេចក្ដីត្រូវការភ្ញៀវទេសចរ ទាំងក្នុងស្រុក និងក្រៅស្រុក អ្វីដែលពិសេសជាងនេះទៅទៀតនោះ គឺសណ្ឋាគារ​នេះ ​មានបន្ទប់ធំទូលាយ និងបំពាក់ដោយគ្រឿងបរិក្ខាទំនើបៗទៀតផង»។

លោកបានបន្ដទៀតថា សណ្ឋាគារនេះ បានបោះទុនសាងសង់អស់ទឹកប្រាក់ជាង២លានដុល្លារ ដោយសារតែក្នុងសណ្ឋា​គារ ត្រូវបានបំពាក់ដោយគ្រឿងបរិក្ខាទំនើបៗ ដែលប្រកបដោយអនាម័យ សុវត្ថិភាព ហើយអ្វីដែលពិសេសជាងគេទៀតនោះ ​គឺ​សណ្ឋាគារនេះ បានផ្ដល់ឲ្យភ្ញៀវដូចជាផ្ទះទី២របស់ខ្លួន។

លោកបន្ថែមទៀតថា សណ្ឋាគារនេះមានចំនួន៦៣បន្ទប់ ក្នុងនោះ​ក៏មានអាងហែលទឹក Sky Bar ស្ទីម និងក្លឹបហាត់ប្រាណ និងមានតម្លៃសមរម្យផងដែរ។

លោកបានបញ្ជាក់ទៀតថា «ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ ព្រោះថាសណ្ឋាគារនេះ ទើបតែបើកទេ ប៉ុន្ដែទទួលបានការ​ចាប់អារម្មណ៍ច្រើន ពីសំណាក់ភ្ញៀវទេសចរបរទេស ហើយខ្ញុំសង្ឃឹមថា ភ្ញៀវទេសចរទាំងអស់នឹងគាំទ្រសណ្ឋាគារ»។

គួរជម្រាបថា សណ្ឋាគារ អូរឫស្សី១ ជាសណ្ឋាគារមួយដែលមានទីតាំងល្អ ងាយស្រួលរក និងស្ថិតនៅចំកណ្ដាលទីក្រុងភ្នំពេញ គ្រប់បន្ទប់នៃ​​សណ្ឋាគារមានបំពាក់នូវសម្ភារទំនើបៗ ប្រកបដោយផាសុកភាព និងផ្ដល់ជូននូវ អាងហែលទឹកលើដំបូល រួមជាមួយនឹងបរិយា​កាសដ៏ល្អ រួមទាំងមានកន្លែងស្ទីម កន្លែងហាត់ប្រាណ រួមទាំងភោជនីយដ្ឋាន និង Sky Bar ផងដែរ៕

អត្ថបទដោយ ស៊ិន សាវ៉េត

Facebook Comment