ឆ្នំា២០១៧នេះ កម្ពុជានឹងទទួលផលនេសាទសរុប៥០០ពាន់តោន

January 9, 2017

រាជធានីភ្នំពេញ៖ កម្ពុជានឹងទទួលបា​នកំណើនផលនេសាទ​សរុបចំនួន៥០០ពាន់​តោន​សម្រាប់​ឆ្នាំ២០១៧នេះ។ ផលនេសាទនេះ​គិតរាប់បញ្ចូលការនេសាទទំាង​ក្នុងដែន​នេសាទ​ទឹកសាប និងការនេសាទតាមស្រែ និងវារីវប្បកម្មទឹកសាបរបស់កម្ពុជា។ នេះបើយោងតាមការឲ្យដឹងរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទរបស់កម្ពុជា។

បើតាមការវាយតម្លៃជាបឋមពីក្រសួងកសិកម្មបានឲ្យដឹងថា លំហូរ​ត្រីដែល​ចេញបឹង​ទន្លេ​សាប​​នាឆ្នាំនេះបានល្អនិងមានទម្រង់ធំជាងឆ្នាំទៅ គឺដោយសារ​ប្រមុខរាជរដ្ឋាភិបាល​បាន​សម្រេច​ចិត្តធ្វើការបង្រាបបទល្មើសនេសាទទ្រង់ទ្រាយធំជារបៀបភ្លៀងរលឹម ។

ជាលទ្ធផលកម្ពុជាមានក្តីសង្ឃឹមថា អាចទទួលបានផលប្រមាណជាជាង១៤០ពាន់តោន​ក្នុង​ឆ្នាំនេះនៅក្នុងដែននេសាទទឹកសាប កើនឡើងលើសពីឆ្នាំមុនចំនួន ៥ពាន់តោន ហើយ​​នឹងអាចទទួលបានផលនេសាទសរុបចំនួន ៥០០ ពាន់តោន ដោយគិតរាប់​បញ្ចូល​ការនេសាទ​តាមស្រែ និងវារីវប្បកម្មទឹកសាប ។

សូមបន្ថែមថា រដូវនេះជារដូវធ្វើប្រហុក ផ្អក ត្រីឆ្អើរ ហើយទីតាំងភូមិសាស្ត្រដែល​នៅតាម​ដង​ទន្លេសាបអាចទទួលផលនេសាទបានច្រើនគឺមានរាជធានីភ្នំពេញ និងខេត្តកណ្តាល ហើយ​ប្រជាពលរដ្ឋអាចធ្វើការនេសាទចន្លោះចាប់ពីខែមករា និងខែកុម្ភៈ​ឆ្នាំ២០១៧នេះ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

Facebook Comment