ធនាគារជាតិ៖ អ្នកប្រើប្រាស់ កាត ATM អាចប្រើគ្រប់ទូរ ATM ធនាគារទាំងអស់នៅឆ្នាំ២០១៧

December 28, 2016

នៅឆ្នាំ២០១៧ ខាងមុខនេះ ធនគារជាតិនៃកម្ពុជា នឹងដាក់ឲ្យប្រើប្រាស់ប្រព័ន្ធ Central Shared Switch ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ប័ណ្ណឥណពន្ធ (ATM) អាចដកប្រាក់ និងទូទាត់ប្រាក់ តាមម៉ាស៊ីន ATM របស់ធនាគារទាំងអស់ បើទោះបីជាធនាគារនោះមិនមែនជាធនាគាររបស់ខ្លួនក៏ដោយ។

ទន្ទឹមនឹងការដាក់ឲ្យប្រើប្រាស់ ATM ដោយសេរីនេះ​ ធនាគារជាតិនៃកម្ពុជា បានលើកឡើងពីការទូទាត់ប្រាក់តាមរយៈទូរស័ព្ទ និងទិញទំនិញអនឡាញ នឹងអាចធ្វើឡើងដោយងាយស្រួល មានសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ផងដែរ។

ធនាគារជាតិនៃកម្ពុជា ក៏បានបង្ហាញពីគោលនយោបាយក្នុងការជំរុញ និងលើកកម្ពស់ ប្រាក់រៀលខ្មែរផងដែរ តាមរយៈយុទ្ធនាការ “តោះ!និយាយពីលុយ ដើម្បីឲ្យប្រជាពលរដ្ឋ ជាពិសេសសិស្សនិស្សិត ស្គាល់ពីតម្លៃនៃការប្រើប្រាស់ប្រាក់រៀលខ្មែរ ការគ្រប់គ្រងហិរញ្ញវត្ថុក្នុងគ្រួសារ ការខ្ចីលុយ និងឲ្យលុយគេខ្ចីប្រកបដោយភាពទទួលខុសត្រូវ។

គួររំលឹកផងដែរថា គិតត្រឹម ៦ខែដំបូងក្នុងឆ្នាំ២០១៦នេះ ការប្រើប្រាស់ប្រាក់រៀលខ្មែរបានកើនឡើងប្រមាណ ១៨ភាគរយ ធៀបនឹងការប្រើប្រាស់ប្រាក់រៀលខ្មែរកាលពីឆ្នាំ ២០១៥ នេះបើយោងតាមរបាយការណ៍ប្រចាំឆមាសទី១ នៃធនាគារជាតិកម្ពុជា៕

អត្ថបទដោយ៖ HUA

 

 

Facebook Comment