តិចនិករៀបចំដំណើរកម្សាន្តដោយសុវត្ថិភាព និងចាយលុយឲ្យអស់តិចបំផុត

December 23, 2016

កម្ពុជាជាទឹកដីសុវណ្ណភូមិដែលមានតំបន់រមណីយដ្ឋាន និងទេសចរណ៍ វប្បធម៌ជាច្រើនកន្លែង សម្រាប់ប្រជាជនកម្ពុជា និងភ្ញៀវទេសចរអាចធ្វើដំណើរកម្សាន្ត និងលំហែកាយនាថ្ងៃឈប់សម្រាក ក៏ដូចជារអបអរក្នុងឱកាសពិធីបុណ្យជាតិ និងបុណ្យសកលជាដើម។ ទន្ទឹមនឹងដំណើរកម្សាន្តជាហូរហែរសម្រាប់ឆ្នាំថ្មីនេះ សម្រាប់ប្រិយមិត្តអ្នកអាន ដែលមិនទាន់មានគម្រោង និងមានហើយ គួរស្វែងយល់បន្ថែមពីតិចនិករៀបចំដំណើរកម្សាន្ត និងចាយលុយឲ្យអស់តិចបំផុត។ ពាណិជ្ជកម្ម កម្ពុជា សូមពាំនាំអារម្មណ៍មិត្តអ្នកអានជួបជាមួយ លោក អែល អាត ប្រធានផ្នែកអភិវឌ្ឍន៍នៃក្រុមហ៊ុន CamboTicket ដែលជាក្រុមហ៊ុនបម្រើសេវាលក់សំបុត្រដឹកជញ្ជូននៅកម្ពុជា ដើម្បីចែករំលែកតិចនិកខាងលើ សូមអានខ្លឹមសារមានដូចខាងក្រោម៖

ដំណើរកម្សាន្តដ៏រីករាយ ចាំបាច់មានផែនការជាមុន

ជាដំបូង មុននឹងឈានដល់ដំណើរកម្សាន្ត អ្វីដែលលោកអ្នកត្រូវគិតគូដំបូងគេនោះគឺផែនការ។ លោក អាត តំណាងក្រុមហ៊ុនលក់សំបុត្រដឹកអ្នកដំណើរ បានលើកឡើងថា ដំណើរកម្សាន្តដ៏រីករាយ ចាំបាច់មានផែនការជាមុនសិន តួយ៉ាងដូចជា ការជ្រើសរើសទីកន្លែងកម្សាន្ត មធ្យោបាយធ្វើដំណើរ ហើយជាពិសេសនោះត្រូវលៃលកថវិកាចាយវាយឲ្យបានត្រឹមត្រូវ។ លោកលើកឡើងថា ប្រជាជនកម្ពុជាគួរមានទម្លាប់រៀបចំដំណើរកម្សាន្តទៅកន្លែងណាមួយ ឲ្យដូចជនបរទេស យ៉ាងហោចណាស់ឲ្យបាន ១ ទៅ ២សប្ដាហ៍មុន ព្រោះថាវាមិនត្រឹមតែចំណេញពេលវេលានិងថវិកានោះទេ ថែមទាំងផ្ដល់ទំនុកចិត្តផងដែរ។

ជ្រើសរើសកន្លែងដ៏សាកសមក្នុងឱកាសអ្វីមួយ

ការសម្រេចចិត្តជ្រើសរើសទីកន្លែងកម្សាន្ត ក៏ស្ថិតលើពេលវេលា និងថវិការបស់លោកអ្នកផងដែរ ប្រសិនអ្នកមានពេលតិច គួររើសកន្លែងណាដែលចំណាយពេលតិច និងលំហែកាយបានយូរ។ ម្យ៉ាងតាមការសង្កេតលោក អាត តំណាងក្រុមហ៊ុនដឹកអ្នកដំណើរបានរៀបរាប់ថា « ជាទូទៅយើងឃើញភ្ញៀវដែលប្រើប្រាស់សេវាក្រុមហ៊ុនយើងធ្វើដំណើរកម្សាន្តនាថ្ងៃឈប់សម្រាក និងបុណ្យទាន នៅក្នុងរដូវត្រជាក់ (ក្នុងអំឡុងខែធ្នូ និងមករា) ភ្ញៀវចូលចិត្តធ្វើដំណើរទៅកាន់តំបន់ដែលមានទឹក» ។ លោកបញ្ជាក់ថា នៅចុងឆ្នាំ ២០១៦ ក្នុងខែធ្នូ ក្រុមហ៊ុនទទួលបានកក់សំបុត្រធ្វើដំណើរច្រើនទៅកាន់តំបន់ឆ្នេរសមុទ្រ ខេត្តព្រះសីហនុព្រោះថា កម្ពុជាបានយកខេត្តនេះ ដើម្បីធ្វើជាម្ចាស់ផ្ទះ ក្នុងឱកាសរៀបចំពិធីបុណ្យសមុទ្រជាលើកទី៥ ស្របពេលដំណើរឆ្លងឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មីកំពុងខិតជិតមកដល់។

មធ្យោបាយធ្វើដំណើរជាកត្តាសំខាន់

មុននឹងចេញដំណើរទៅកាន់ទីជិតឆ្ងាយ ប្រជាជនខ្មែរតែងបន់ស្រន់សុំសេចក្ដីសុខនិងសុវត្ថិភាព។ យ៉ាងណាមិញ លោកអ្នកក៏ត្រូវគិតគូផងដែរ ចំពោះការសែ្វងមធ្យោបាយធ្វើដំណើរប្រកបដោយទំនុកចិត្ត និងមានភាពងាយស្រួល។ តំណាងក្រុមហ៊ុនដឹកអ្នកដំណើរខាងលើ បានរៀបរាប់ថា « ពិតណាស់ មធ្យោបាយធ្វើដំណើរជាកត្តាសំខាន់ ហេតុនេះមុននឹងសម្រេចចិត្ត លោកអ្នកត្រូវក្រឡេកមើលសេវាកម្មរបស់ក្រុមហ៊ុនជាមុន»។ លោកថា ភាគច្រើនភ្ញៀវពេញចិត្តការធ្វើដំណើរដែលអាចសម្រាកទាំងពេលថ្ងៃ និងយប់បាន ដូចជាតាមឡានក្រុង រថយន្ត៤៥កៅអី និង ១៥កៅអី ជាដើម។

ការចំណាយឲ្យអស់តិចបំផុត

តំណាងក្រុមហ៊ុនលក់សំបុត្រដឹកអ្នកដណើររូបនេះ បានលើកឡើងថា ដើម្បីចំណាយការធ្វើដំណើរកម្សាន្តឲ្យអស់តិចបំផុត លោកអ្នកគួរស្វែងរកសេវាធ្វើដំណើរតាមអនឡាញឲ្យបានមុនយ៉ាងហោច ២សប្ដាហ៍។ លោករៀបរាប់ថា បើតាមបទពិសោធន៍របស់ភ្ញៀវបរទេសជាច្រើន ពួកគេចូលចិត្តកក់សេវាធ្វើដំណើរតាមអ៊ីនធើណេត ព្រោះថាពួកគេអាចឆែកមើលពត៌មានផ្សេងៗ ពាក់ព័ន្ធតម្លៃ ពេលវេលា និងសេវាកម្ម ដែលអាចឲ្យពួកគេត្រៀមខ្លួនធ្វើដំណើរបានដោយទុកចិត្ត  និងចំណាយតិច។ លោកបានគូសបញ្ជាក់ថា ការរៀបចំផែនការទុកមុនបែបនេះ សម្រាប់ដំណើរកម្សាន្តជាក្រុម ក្នុងម្នាក់មានថវិកាចំនួន ៣០ ទៅ ៥០ ដុល្លារ ក៏អាចចាយវាយដោយរីករាយ និងត្រលប់មកវិញដោយសុវត្ថិភាពផងដែរ។

គួរជម្រាបបន្ថែមថា ក្រុមហ៊ុនលក់សំបុត្រដឹកអ្នកដំណើរ CamboTicket មានសេវាកម្មកក់សំបុត្រដំណើរតាមផ្លូវគោក និងទឹក ដែលលោកអ្នកអាចស្វែងរកពត៌មានលម្អិតតាមរយៈគេហទំព័រ www.camboticket.com

អត្ថបទដោយ សាវ៉េត

Facebook Comment