៤ចំនុចសម្រាប់បុគ្គលិកឆ្លាត អនុវត្តការងារបានល្អឥតខ្ចោះត្រឹមរយៈពេលខ្លី

October 17, 2016

មនុស្សជាច្រើនមានបញ្ហាជាមួយនឹងពេលវេលា ដោយពួកគេគិតថាតើពួកគេអាចនឹងបំពេញការងាររបស់ពួកគេហើយបានដោយរបៀបណា បើពួកគេរវល់យ៉ាងនេះនោះ។ យ៉ាងណាមិញ បើអ្នកអង្គុយតែរអ៊ូ មិនព្រមទទួលយកនូវការពិតថាពេលវេលារបស់ខ្លួនមានកម្រិត អ្នកនឹងមិនអាចបំពេញការងាររបស់អ្នកហើយនោះទេ។ ដោយឡែក តើអ្នកគួរធ្វើយ៉ាងណាទើបអាចបំពេញការងាររបស់អ្នកនៅក្នុងរយៈពេលខ្លី ដោយទទួលបានលទ្ធផលល្អដដែលនោះ?

១) កត់ត្រាទុកនូវអ្វីដែលគួរធ្វើ៖

អ្នកគួរតែរៀនកត់ត្រាទុកនូវអ្វីដែលអ្នកត្រូវធ្វើសម្រាប់ថ្ងៃស្ងែក ព្រោះថាការធ្វើបែបនេះនឹងធ្វើឲ្យអ្នកអាចបែងចែកពេលវេលាបានច្បាស់លាស់។ បន្ថែមពីលើនោះទៅទៀត នៅពេលថ្ងៃស្អែកមកដល់ អ្នកនឹងមិនមានអារម្មណ៍ថាមិនដឹងត្រូវធ្វើអ្វីខ្លះនោះទេ ព្រោះថាអ្នកបានកត់ត្រារួចរាល់អស់ទៅហើយ ថាអ្នកនឹងត្រូវបំពេញការងារអ្វីខ្លះនោះ។

២) រៀនមានទម្លាប់ល្អ៖

ប្រសិនបើអ្នកមានទម្លាប់ក្រោកយឺត នោះទម្រាំតែអ្នកចង់ចាប់ផ្ដើមធ្វើការងាររបស់អ្នក វានឹងធ្វើឲ្យអ្នកខាតពេលសឹងតែមួយព្រឹកទៅហើយ ព្រោះថាអ្នកត្រូវរៀបចំខ្លួន និងស្រស់ស្រូបអាហារពេលព្រឹកទៀត។ បើអ្នកមានទម្លាប់ល្អ ដូចជាការក្រោកពីព្រលឹម ឬការមិនពន្យារពេលជាដើម វានឹងធ្វើឲ្យអ្នកឆាប់បំពេញការងាររបស់អ្នកបានឆាប់រហ័ស។

៣) សង្កេតមើលពេលវេលាទំនេររបស់អ្នក៖

ជាធម្មតាទេ អ្នកគួរតែគិតគូរពីពេលវេលាដែលអ្នកទំនេរជាមធ្យមនៅក្នុងមួយថ្ងៃ ថាអ្នកយកវាទៅធ្វើអ្វីខ្លះ។ ប្រសិនបើអ្នកដឹងថាខ្លួនឯងរវល់ហើយ ហើយនៅតែយកពេលវេលាទំនេរទាំងប៉ុន្មានទៅគេងចុចទូរស័ព្ទ តើអ្នកអាចនឹងមានពេលធ្វើការងារផ្សេងទៀតបានដែរ ឬមួយក៏អត់ទេនោះ?

៤) សម្រាកឲ្យបានគ្រប់គ្រាន់៖

ទោះបីជាអ្នកខិតខំធ្វើការយ៉ាងណាក៏ដោយ អ្នកក៏មិនគួរភ្លេចពីសុខភាពនោះដែរ ព្រោះថាបើអ្នកចាប់ផ្ដើមឈឺហើយ ការងារផ្សេងៗនឹងមិនអាចដំណើរការទៅមុខបាននោះឡើយ។ នៅពេលដែលអ្នកសម្រាកបានគ្រប់គ្រាន់ ខួរក្បាលអ្នកក៏មានភាពស្រស់ស្រាយ ដែលងាយស្រួលសម្រាប់អ្នកក្នុងការបំពេញការងារបានយ៉ាងរលូន។

ដោយ៖ ម៉ាយ៉ារស្មី

Facebook Comment