ក្រុមហ៊ុននាំចូលសាច់គោអូស្ត្រាលីមានបំណងនឹងចិញ្ចឹមគោនៅកម្ពុជា

October 17, 2016

ភ្នំពេញ៖ ក្រុមហ៊ុន SLN Meat Supplies Pty Ltd ដែលជាក្រុមហ៊ុនផ្គត់ផ្គង់សាច់គោអូស្ត្រាលីប្រចាំនៅកម្ពុជា គ្រោងនឹងចិញ្ចឹមគោនៅកម្ពុជាដោយផ្ទាល់ ខណៈការទទួលទាននូវសាច់គោអូស្រ្តាលីហាក់បីដូចជាមានការពេញនិយមច្រើនក្នុងពេលកន្លងមកនេះ ព្រោះថាប្រជាជនបច្ចុប្បន្នគឺមានភាពរស់នៅបែបស៊ីវិល័យ និងជឿនលឿន។

ពាណិជ្ជកម្ម កម្ពុជា បានសម្ភាសន៍ជាមួយប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន SLN បានឲ្យដឹងថា ក្រុមហ៊ុនមានបំណង គ្រោងនឹងចិញ្ចឹមគោអូស្ត្រាលីនៅកម្ពុជាដោយផ្ទាល់ ដើម្បីប្រកួតប្រជែងក្នុងទីផ្សារ។

លោកបន្តថា យ៉ាងណាមិញបើគិតពីតម្លៃទីផ្សារវិញ ទោះបីជាសាច់គោអូស្រ្តាលីមានតម្លៃថ្លៃជាងសាច់គោខ្មែរក៏ពិតមែន តែទន្ទឹមនឹងនោះគោអូស្រ្តាលីត្រូវបានទទួលការមើលថែយ៉ាងម៉ត់ចត់ ហើយការវេចខ្ចប់ក៏មានអនាម័យក្នុងកម្រិតស្តង់ដាអន្តរជាតិថែមទៀតផង ហើយរសជាតិរបស់វាក៏មិនមែនធម្មតានោះដែរ។

ក្រុមហ៊ុនបានគូសបញ្ជាក់ថា ការទទួលយកគោអូស្រ្តាលីមកចិញ្ចឹមនៅប្រទេសកម្ពុជានឹងធ្វើឲ្យប្រទេសកម្ពុជាទទួលបានអត្ថប្រយោជន៍បន្ថែម ព្រោះថាអាកាសធាតុនៅប្រទេសកម្ពុជា និងអូស្រ្តាលីគឺមិនមានភាពខុសគ្នាច្រើននោះទេ ហើយយើងក៏អាចបង្កើនឱកាសការងារដល់ប្រជាជនកម្ពុជាផងដែរ។ សម្រាប់ គម្រោងមួយនេះនឹងរំពឹងទុកថាអាចដំណើរការនៅក្នុងកំឡុង២ ទៅ៣ឆ្នាំខាងមុខ។

គួរជម្រាបដែរថា ក្រុមហ៊ុននេះ បានវិនិយោគទុន ប្រមាណ ៣៥លានដុល្លារអាមេរិក បង្កើតរោងចក្រផលិតសាច់គោ ដើម្បីផ្គត់ផ្គង់នៅកម្ពុជា។ ជំហានដំបូង ក្រុមហ៊ុនបាននាំចូលគោប្រមាណ ២៧០០ក្បាលមកកម្ពុជា ដោយមួយថ្ងៃ គោប្រមាណ ១០០ក្បាល ត្រូវបានសម្លាប់ ដើម្បីផ្គត់ផ្គង់ទីផ្សារ៕

សូមអានលម្អិតពីបទសម្ភាសន៍នេះនៅក្នុងពាណិជ្ជកម្មកម្ពុជាចេញផ្សាយខែ វិច្ឆកាខាងមុខ

 

ដោយ៖ ម៉ាយ៉ារស្មី

Facebook Comment