អាមេរិក វ៉ាដាច់ចិន ក្នុងទំហំពាណិជ្ជកម្មធំជាងគេនៅកម្ពុជា

July 4, 2016

ភ្នំពេញ៖ ក្នុងរយៈពេលពីរបីឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និង អាមេរិកកើនឡើងដល់ជិត ៣.៥ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នាំៗ ហើយទំហំពាណិជ្ជកម្មខ្ទង់ពាន់លានដុល្លារអាមេរិកនេះ ត្រូវបានចាត់ថា អាមេរិកវ៉ាដាច់ចិន ក្នុងទំហំពាណិជ្ជកម្មធំជាងគេនៅកម្ពុជា។

ទំហំពាណិជ្ជកម្មទ្វេភាគី ក្រៅពីអាមេរិក ចិនអាចជា ប្រទេសដែលមានទំហំពាណិជ្ជកម្មធំជាងគេទី ២សម្រាប់កម្ពុជា ពោលគឺរយៈពេល ៧ខែដើមឆ្នាំ ២០១៥  ទំហំពាណិជ្ជកម្មរវាងចិន-កម្ពុជាកើនដល់ជិត ២ពាន់លានដុល្លារអាមេរិក ជាមួយនឹងអត្រាកំណើន ១៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៤។ លើសពីនេះទៅទៀត ទំហំពាណិជ្ជកម្មរវាងភាគីកម្ពុជា-ចិន នឹងសម្រេចនូវគោលដៅក្នុងទំហំទឹកប្រាក់ ៥ពាន់លានដុល្លារអាមេរិក។

បើតាមប្រសាសន៍របស់លោក ស្រី Magaret Hsiang អនុប្រធានផ្នែកនយោបាយ និងសេដ្ឋកិច្ចនៃស្ថានទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានអោយដឹងថា បច្ចុប្បន្នផលិតផលចម្បងដែលកម្ពុជានាំចេញទៅសហរដ្ឋអាមេរិក គឺផលិតផលកាត់ដេរវាយនភណ្ឌ។ ជាមួយគ្នានេះដែរ លោកស្រី សង្ឃឹមថា កម្ពុជា នឹងមានផលិតផ្សេងៗទៀតក្រៅពីវាយនភណ្ឌ ដែលអាចបង្កើតបាន និងនាំចេញទៅកាន់សហរដ្ឋអាមេរិក ។

គួរជម្រាបថា កាលពីឆ្នាំ ២០១៥ កន្លងមកនេះ ការនាំចេញសម្លៀកបំពាក់ និងស្បែកជើងកើនឡើង ១០.២ភាគរយ ដែលស្មើនឹង ៧០ភាគរយនៃការនាំចេញសរុប ។

សូមជម្រាបថា  ទន្ទឹមនឹងទំហំពាណិជ្ជកម្មរវាងកម្ពុជា អាមេរិកកើនដល់ជាង ៣ពាន់ដុល្លារអាមេរិកក្នុងមួយឆ្នាំនេះ ទំហំផលិតផលដែលនាំចូលពីសហរដ្ឋអាមេរិកមកកម្ពុជា គឺមានប្រមាណជិត ៤០០លានដុល្លារអាមេរិក ហើយភាគច្រើនជាគ្រឿងម៉ាស៊ីន និងរថយន្ត៕

អត្ថបទដោយ៖ Bunthoeun

Facebook Comment