កម្ពុជាកំពុងខ្វះកម្លាំងពលកម្មលើវិស័យសំណង់

March 19, 2015

បើយោងតាមរបាយការណ៍សំណង់របស់ក្រសួងរៀបចំដែនដីនគរូនីយដ្ឋាននិងសំណង់ បានបង្ហាញថា កម្លាំងពលកម្មនៅក្នុងវិស័យសំណង់មានតម្រូវការកើនឡើងច្រើនរៀងរាល់ថ្ងៃដែលកាលពីឆ្នាំ២០១៤កន្លងមកគិតជាមធ្យមមានតម្រូវការក្នុងមួយថ្ងៃមានចំនួន១សែន៦ម៉ឺននាក់ ទៅ១សែន៨ម៉ឺននាក់ បើធៀបនឹងឆ្នាំ២០១៣កម្លាំងពលកម្មមានការកើនឡើងទ្វេរដង។

បើគិតធៀបនឹងឆ្នាំ២០១៥ គ្រាន់តែពីរខែដំបូងនៃឆ្នាំនេះប៉ុណ្ណោះ ទស្សនាវដ្តីពាណិជ្ជកម្មកម្ពុជាបានចុះផ្សាយ ពីគម្រោងសាងសង់ ផ្ទះ និង អគារពាណិជ្ជកម្ម មិនតិចជាង ២០ គម្រោងទេ។ នៅសប្តាហ៍នេះតែមួយប៉ុណ្ណោះគឺមានគម្រោងចំនួន៣ ចេញផ្សាយលក់ ក្នុងថ្ងៃតែមួយ។

តាមកិច្ចសម្ភាសន៍ជាមួយលោក ទ្បុងឌីម៉ង់ ដែលលោកជាអ្នកនាំពាក្យ សាលារាជធានីភ្នំពេញ បានឲ្យដឹងថា សព្វថ្ងៃនេះកំណើននៃការរីកចម្រើនរបស់ក្រុងភ្នំពេញគឺ លឿនជាងការរំពឹងទុកនេះជាមូលហេតុដែលធ្វើឲ្យមានការកើនទ្បើងការសាងសង់ឥតឈប់ឈរ។ ទន្ទឹមនឹងនេះ ពលករខ្មែរជាច្រើនបានចាកចេញទៅក្រៅប្រទេស ដើម្បីរកការងារធ្វើនេះក៏ជាមូលហេតុធំ មួយដែរ ដែលធ្វើឲ្យវិស័យសំណង់ខ្វះពលកម្ម។

គួរបញ្ជាក់ផងដែរថា បច្ចុប្បន្នតម្លៃប្រាក់ឈ្នួលជាមធ្យមនៃកម្មករដែលមានជំនាញដូចជាវិស្វករ ឬស្ថាបត្យករមានតម្លៃចន្លោះពី៣៥០ដុល្លារទៅ១ពាន់ដុល្លារក្នុងមួយខែ។ កម្មករជាមេជាង ប្រាក់ឈ្នួលជាមធ្យមក្នុងមួយថ្ងៃតម្លៃពី១៥ដុល្លារ ទៅ២០ដុល្លារ និងកម្មករមានជំនាញពី១០ដុល្លារទៅ១៥ដុល្លារក្នុង១ថ្ងៃ និងគ្មានជំនាញពី៥ដុល្លារ ទៅ៧ដុល្លារក្នុង១ថ្ងៃ បើធៀបនឹងឆ្នាំកន្លងមកតម្លៃប្រាក់ឈ្នូលមានលក្ខណៈល្អប្រសើរ និងមានតម្រូវការច្រើនជាងមុននេះបើយោងតាមការវាយតម្លៃរបស់សមាគមវាយតម្លៃនិងភ្នាក់ងារអចលនវត្ថុកម្ពុជា។

Facebook Comment