ខណៈអុីស្រាអែលជាស្ដេចកសិកម្ម មានឆ្ងល់ទេថាតើប្រទេសនេះប្រើជីគីមីខ្លាំងឬអត់?

 

អីុស្រាអែលជាប្រទេសមួយដែលត្រូវបានពិភពលោកទទួលស្គាល់ថា ជាប្រទេសដែលមានវិស័យកសិកម្មនាំមុខគេ និងជាមានប្រទេសរីកចម្រើនលឿនបំផុត។ ទន្ទឹមនឹងភាពរីកចម្រើនលឿនបំផុត និងជាសេ្ដចខាងកសិកម្ម ក្រៅពីមានប្រើប្រាស់បច្ចេកទេសទំនើបសួរថា តើអុីស្រាអែលប្រើប្រាស់ជីគីមីខ្លាំងដូចប្រទេសផ្សេងៗដែរឬទេ?

ជាក់ស្ដែង លោក ឡាយ ចាន់ស៊ីថា អតីតនិស្សិតផ្នែកអភិវឌ្ឍន៍ជនបទ នៅសាកលវិទ្យាល័យភូមិកសិកម្ម ដែលកាលពីឆ្នាំ ២០១២ លោកបានជាប់អាហាររូបករណ៍ពេញមួួយឆ្នាំទៅរៀននៅប្រទេសអុីស្រាអែល។ តាមរយៈបទពិសោធន៍របស់លោក ចាន់ស៊ីថា បានឲ្យដឹងថា ទន្ទឹមនឹងមានភាពរីកចម្រើនលើវិស័យកសិកម្ម “អុីស្រាអែល គឺបានប្រើប្រាស់ជីគីមីច្រើនខ្លាំងមែនទែន ប្រើស្ទើរតែគ្រប់យ៉ាង ប៉ុន្ដែជីគីមីដែលគេប្រើនោះវាអាចល្អចំពោះសុខភាព និងគេប្រើប្រាស់ទៅតាមបច្ចេកទេសត្រឹមត្រូវ និងគោរពតាមបទដ្ឋានបច្ចេកទេស ១០០ ភាគរយ មិនប្រើទៅតាមការនឹកឃើញនិងគ្មានចំណេះដឹងក្នុងការប្រើនោះទេ”។ 

អីុស្រាអែលជាប្រទេសដែលពលរដ្ឋខ្មែរស្គាល់ថាជាប្រទេសដែលគ្មានទឹកសាបប្រើប្រាស់ និងជាប្រទេសដីខ្សាច់។ ប៉ុន្ដែរដ្ឋដ៏តូចមួយនេះមានភាពជឿនលឿននិងរីកចម្រើនខ្លាំងខាងកសិកម្ម ជាពិសេសគឺនាំចេញកសិផលទាំងនោះទៅកាន់ទីផ្សារអឺរ៉ុប។ 

លោក ស៊ីថា បានលើកឡើងថា មុននឹងទៅអីុស្រាអែល លោករំពឹងទុកថា ប្រទេសមួយនេះគឺមានភាគរយវិស័យកសិកម្មច្រើនជាខ្មែរ។ ផ្ទុយទៅវិញវិស័យកសិកម្មនៅអុីស្រាអែលមានត្រឹមតែពី ៥ ទៅ ៧ ភាគរយប៉ុណ្ណោះ នេះជាភាគរយមួយដ៏តិចតួច បើធៀបនឹងវិស័យកសិកម្មនៅកម្ពុជាដែលមានដល់ទៅ ៨៥ ភាគរយ។ ប៉ុន្ដែដោយមានដោយសារបច្ចេកទេសទំនើប ទើបធ្វើឲ្យទិន្នផលទទួលបានខ្ពស់។ 

បន្ថែមពីលើនេះទៀត យើងតែងតែនិយមនិយាយថាអីុស្រាអែល ជាប្រទេសដីខ្សាច់ ពេលនោះយើងច្បាស់ជាស្រមៃថា វាប្រភេទខ្សាច់សរគ្មានជីជាតិ ប៉ុន្ដែតាមបទពិសោធន៍របស់លោក សុីថា បានឲ្យដឹងថា ធាតុពិតដីនៅអុីសា្រអែលគឺមានលក្ខណៈជាល្បាយដីលាយដីខ្មៅ ហើយដីតំបន់ខ្លះគឺដីខ្មៅមានជីវជាតិខ្លាំង និងបូកផ្សំជាមួយនិឹងបច្ចេកទេសដាំដល់កំបូលថែមទៀតនោះ ទើបធ្វើឲ្យជនជាតិជ្វីហ្វហៅប្រទេសខ្លួនឯងថា ជាប្រទេសនាំមុខគេខាងកសិកម្មទូទាំងពិភពលោក៕

អត្ថបទដោយ៖ សារ ធូរ៉ា

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES