លោកឧកញ៉ា គួច ម៉េងលី៖ ធ្វើជាអ្នកដឹកនាំត្រូវមានទេពកោសល្យ និងសិល្បៈនៃការដឹកនាំខ្ពស់បំផុត

មនុស្សមួយចំនួនប្រកាសចង់ធ្វើជាមេដឹកនាំ ឬជាអ្នក​គ្រប់គ្រងគេ ប៉ុន្តែពួកគេតែងតែត្អូញត្អែរថា គ្រប់គ្រងឬដឹកនាំមនុស្សពិតជាស្មុគស្មាញណាស់។ ការពិត ការដឹកនាំមនុស្សពិបាក គឺដោយសារពួកគេមិនបានសិក្សាឈ្វេងយល់ទេថា តើមេដឹកនាំម្នាក់ គេត្រូវរៀន និងធ្វើអ្វីខ្លះ? មនុស្សកើតមក គឺមានចរិតលក្ខណៈ អាកប្បកិរិយាផ្សេងៗគ្នា ដូច្នេះអត្ដចរិតនៃការដឹកនាំក៏ផ្សេងៗគ្នាដែរ។ ឯភាពជាអ្នកដឹកនាំ ត្រូវបានគេចែកចេញ៤ប្រភេទ គឺដឹកនាំបែបសហការ ដឹកនាំបែបបញ្ជា ដឹកនាំបែបណែនាំ និងដឹកនាំបែបបង្ហាញ។ 

អ្នកខ្លះពូកែធ្វើការ ពូកែរៀបយុទ្ធសាស្រ្ត ក្នុងការធ្វើជំនួញ តែមិនចេះដឹកនាំ។ 

អ្នកខ្លះពូកែដឹកនាំ ពូកែគ្រប់គ្រង តែរៀនមិនពូកែ មិនពូកែរៀបយុទ្ធសាស្រ្តអាជីវកម្ម។

បើនិយាយពីការចាប់ផ្ដើមអាជីវកម្ម ដើម្បីគ្រប់គ្រង ឬដឹកនាំគេបាន អ្នកនោះត្រូវមានទាំងជំនាញទន់ និងជំនាញរឹង។ ជំនាញរឹង គឺជាជំនាញដែលគេបានរៀនសូត្រ និងចេះយ៉ាងច្បាស់ពីសាលា។ ឯជំនាញទន់ គឺជាឥរិយាបថ ដែលគេមាន ដូចជាត្រូវមានឆន្ទៈមានទេពកោសល្យ និងសិល្បៈ ក្នុងការប្រើមនុស្ស។ ភាពជាអ្នកដឹកនាំ គឺជាបុគ្គលដែលមានចរិតម៉ឺងម៉ាត់ ហ្មត់ចត់ ម្ចាស់ការ និងជាបុគ្គលដែលគេគោរពស្រឡាញ់ច្រើន។ 

អ្នកដឹកនាំពូកែ អាចប្រើមនុស្ស ឬអាចធ្វើឱ្យមនុស្សចចេសរឹងរូស មកជាទន់បាន។ អាចធ្វើឱ្យមនុស្សដែលមិនគោរពវិន័យ មកជាគោរពវិន័យ ស្រឡាញ់ការងារ និងលះបង់ដើម្បីក្រុមហ៊ុនបាន។ 

ជាពិសេស ក៏ជាមនុស្សដែលចង់មានបាន ចង់រីកចម្រើនដែរ គ្រាន់តែការចង់មានបាននោះ ធ្វើឡើងក្នុងក្របខណ្ឌគុណធម៌ និងតាមវិធីសាស្រ្ដនៃការច្នៃប្រតិដ្ឋរបស់គេតែប៉ុណ្ណោះ។

បុគ្គលដែលអាចធ្វើអាជីវកម្ម ឬគ្រប់គ្រងដឹកនាំបានជោគជ័យ 

គឺចំណេះដឹង និងទេពកោសល្យ សិល្បៈរបស់គេខុសពីអ្នកដទៃ។ 

គេមានគំនិតទូលំទូលាយមិនរើសអើង មិនក្រអឺតក្រទម 

មិនឆ្មើងឆ្មៃ មិនវាយឫក មិនស្តីបន្ទោស មិនជិះជាន់កេងប្រវ័ញ្ចបុគ្គលិក និយាយរួមគឺគេរួសរាយរាកទាក់ ចេះលួងលោម និងផ្តល់តម្លៃឱ្យបុគ្គលិកស្មើៗគ្នា ។ 

បើឃើញបុគ្គលិកណាធ្វើខុស ឬធ្វើមិនទាន់បានល្អដល់កម្រិតដែលគេចង់បាន គឺគេតែងតែអប់រំ ណែនាំ បង្ហាត់បង្ហាញបុគ្គលិកនោះឱ្យយល់ និងចេះធ្វើការតទៅមុខទៀត។

មេដឹកនាំដែលល្អ គឺត្រូវយល់ពីទុក្ខលំបាករបស់បុគ្គលិកនេះឯង ជាពិសេសបើបុគ្គលិកមានបញ្ហាប្រឈម ឬឧបសគ្គក្នុងជីវិត មេដឹកនាំនោះចេះឈឺឆ្អាល ខ្វល់ខ្វាយ និងស្ទុះស្ទា ក្នុងការជួយយកអាសាគ្នា។ និយាយរួម មេដឹកនាំល្អមិនមែនជាមេដឹកនាំដែលខុសដៃយកដៃ ខុសជើងយកជើង មិនមែនជាមនុស្សឆេវឆាវទេ តែជាមេដឹកនាំចេះឱបក្រសោប អប់រំ ណែនាំ ធ្វើឱ្យបុគ្គលិកគោរព មិនចង់ចាកចេញពីក្រុមហ៊ុន ស្រឡាញ់ក្រុមហ៊ុន ដូចស្រលាញ់ជីវិត និងដូចគ្រួសារគេដែរ៕

 

អត្ថបទដើម៖ MJQ University Press

ដកស្រង់បន្តដោយ៖ ឡុង ​វឌ្ឍនៈ (Leadership Writer) 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES