ចង់រកស៊ីបើកក្រុមហ៊ុនឱ្យស្របច្បាប់ ម្ចាស់ក្រុមហ៊ុនត្រូវធ្វើរឿង ១០យ៉ាងនេះ សម្រាប់ឆ្នាំ ២០២០

ការបើកក្រុមហ៊ុនមិនមានអ្វីលំបាកណាស់ណានោះទេ ប៉ុន្តែម្ចាស់ក្រុមហ៊ុនក៏ត្រូវប្រាកដខ្លួនឯងដែរថា ក្រុមហ៊ុនខ្លួនបានរៀបចំរួចស្រេចទៅតាមលក្ខណៈបច្ចេកទេសត្រឹមត្រូវស្របច្បាប់បន្ទាប់ពីចុះបញ្ជីការរួច ដើម្បីកុំឱ្យមានបញ្ហាឈឺក្បាលណាមួយនៅថ្ងៃក្រោយ។

សម្រាប់លោក គង់ គឹមសុផាត ដែលជាស្ថាបនិកក្រុមហ៊ុន Making It Easyបានឱ្យដឹងតាមរយៈបទសម្ភាសន៍មួយជាមួយនឹង Business Cambodia ថា បើសិនជាគិតថាចង់ដំណើរការក្រុមហ៊ុនមួយឱ្យស្របច្បាប់ត្រឹមត្រូវនៅក្នុងឆ្នាំ ២០២០ នេះ លោកណែនាំឱ្យធ្វើរឿង ១០ យ៉ាងខាងក្រោមនេះឱ្យខានតែបាន ដើម្បីឱ្យក្រុមហ៊ុនមួយក្លាយជាក្រុមហ៊ុនរកស៊ីស្របច្បាប់មានបញ្ជីរការត្រឹមត្រូវ ជាទីទុកចិត្តរបស់អតិថិជន និងដៃគូរ។

១. ស្នើរសុំបន្តសៀវភៅការងារ បើមានប្រើប្រាស់ហត្ថពលកម្មបរទេស(និយោជិតជនបរទេស) 

ការស្នើរសុំបន្តសៀវភៅការងារនេះជាកាតព្វកិច្ចរបស់ជនបរទេសដែលបម្រើការនៅស្ថាប័នរបស់ខ្លួន តែក្រុមហ៊ុនមានកាតព្វកិច្ចជួយសម្រួលដល់ការស្នើរសុំនេះ។ ការស្នើរសុំនេះត្រូវតែធ្វើឡើង ពីចន្លោះថ្ងៃទី ១ ខែមករា រហូតដល់ថ្ងៃទី​៣១ ខែមីនា ដែលកាលកំណត់នេះនឹងត្រូវបញ្ចប់នាពេលឆាប់ៗនេះ។

លោក គឹមសុផាត បានបន្តទៀតថា ក្នុងករណីដែលមានការយឺតយ៉ាវមិនបានស្នើរសុំឱ្យទាន់កាលកំណត់ ជនបរទេសដែលកាន់សៀវភៅការងារឆ្នាំចាស់នោះ អាចនឹងទទួលរងពិន័យពីរដ្ឋរហូតដល់ខ្ទង់ ៩០០ដុល្លារ ឯណោះ ដែលអាចនឹងប៉ះពាល់ដល់ការចំណាយមិនបានព្រៀងទុករបស់ខ្លួន។

២. ការប្រកាសពន្ធប្រាក់ចំណូលប្រចាំឆ្នាំ

ការប្រកាសពន្ធប្រាក់ចំណូលប្រចាំឆ្នាំនេះ ជាកាតព្វកិច្ចរបស់រអាជីវកម្មទាំងអស់ដែលបានចុះបញ្ជីពន្ធដាររួច។

អ្នកជំនាញខាងផ្នែកចុះឈ្មោះអាជីវកម្មលោក គង់ គឹមសុផាតលើកឡើងថា ការប្រកាសពន្ធសម្រាប់ឆ្នាំ ២០១៩ រាជរដ្ឋាភិបាលតម្រូវឱ្យធ្វើចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី ៣១ខែមីនា​​ នៅឆ្នាំ​២០២០ នេះ ហើយបើក្នុងករណីយឺតយ៉ាវនឹងរងការពិន័យអំពើរាំងស្ទះចាប់ពី ៥០០​ដុល្លារឡើង បើទុកកាន់តែយូរការប្រាក់កាន់តែឡើង។

៣. ស្នើរសុំបន្តបណ្ណប៉ាតង់ថ្មី

គ្រប់សកម្មភាពអាជីវកម្មទាំងអស់ត្រូវតែមានបណ្ណប៉ាតង់ ហើយបណ្ណប៉ាតង់នេះមានសុពលភាពតែមួយឆ្នាំប្រតិទិនប៉ុណ្ណោះ ហេតុនេះចាំបាច់ត្រូវស្នើរសុំបន្តជាថ្មី ដោយរដ្ឋទុកពេលឱ្យធ្វើចន្លោះពីថ្ងៃទី​១ មករា ដល់ថ្ងៃទី​៣១ ខែមីនារៀងរាល់ឆ្នាំ។ ហើយបើក្នុងករណីយឺតយ៉ាវ នឹងរងការពិន័យអំពើរាំងស្ទះចាប់ពី ៥០០​ដុល្លារឡើង បើទុកកាន់តែយូរការប្រាក់កាន់តែឡើង។

៤. ការប្រកាសពន្ធប្រចាំខែ

រាល់ក្រុមហ៊ុនចុះបញ្ជីរការពន្ធដារទាំងអស់ ត្រូវតែប្រកាសពន្ធប្រចាំខែ ដោយប្រកាសពន្ធខែចាស់ជារៀងរាល់ខែ ត្រឹមថ្ងៃទី​១ដល់ថ្ងៃទី​២០នៃខែថ្មី។បើក្នុងករណីយឺតយ៉ាវ នឹងរងការពិន័យអំពើរាំងស្ទះចាប់ពី ៥០០​ដុល្លារឡើង បើទុកកាន់តែយូរការប្រាក់កាន់តែឡើង។

៥. ការចុះបញ្ជីរការប្រកាសបើកសហគ្រាសថ្មី

ក្នុងករណីដែលអាជីវកម្មចុះបញ្ជីរត្រូវការបុគ្គលិកមកបំពេញការងារ ម្ចាស់អាជីវកម្មចាំបាច់ត្រូវចុះបញ្ជីប្រកាសបើកសហគ្រាសបន្តនៅក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជិវៈ។

៦. ចុះបញ្ជីរបុគ្គលិកជនជាតិបរទេស បើមានប្រើប្រាស់ហត្ថពលកម្មបរទេស

ក្នុងករណីមានបុគ្គលិកជាជនជាតិបរទេស អាជីវកម្មដែលបានចុះបញ្ជីរហើយ ចាំបាច់ត្រូវធ្វើការស្នើរសុំទៅក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈពីថ្ងៃ​១ កញ្ញា ដល់ ៣១ វិច្ឆិកា ​នៃឆ្នាំចាស់ បើចង់ឱ្យបុគ្គលិកទាំងនោះធ្វើការក្នុងអង្គភាពរបស់ខ្លួនក្នុងឆ្នាំថ្មី។

៧. ចុះបញ្ជីរនៅក្នុង បេឡាជាតិសន្តិសុខសង្គម

គ្រប់អាជីវកម្មចុះបញ្ជីរហើយទាំងអស់ចាំបាច់ត្រូវធ្វើការស្នើរសុំ ប.ស.ស ឱ្យបុគ្គលិកនៅពេលដែលបុគ្គលិកចូលបម្រើការងារភ្លាម។

៨. ធ្វើប្រតិវេទក្រុមហ៊ុនប្រចាំឆ្នាំ

នេះជាការជូនដំណឹងទៅក្រសួងពាណិជ្ជកម្មរៀងរាល់ ១២ខែម្ដង ដើម្បីបញ្ជាក់ពីសុពលភាពនៃលិខិតចុះបញ្ជីរពាណិជ្ជកម្ម។ ក្នុងករណីដែលមានការយឺតយ៉ាវលើសកាលកំណត់ ម្ចាស់អាជីវកម្មនឹងរងពិន័យក្នុងចំនួនទឹកប្រាក់ ៥០០ដុល្លារ ក្នុងមួយឆ្នាំ។

៩. ជូនដំណឹងក្នុងករណីមានការប្រែប្រួលក្នុងក្រុមហ៊ុន

ម្ចាស់អាជីវកម្មចាំបាច់ត្រូវដាក់សំណើរសុំទៅក្រសួងពាណិជ្ជកម្ម និងអគនាយកដ្ឋានពន្ធដារ ក្នុងករណីដែលមានការផ្លាស់ប្ដូរណាមួយនៅក្នុងក្រុមហ៊ុន ដូចជា ការផ្លាស់ប្តូរភាគហ៊ុនក្នុងក្រុមហ៊ុន ផ្លាស់ប្ដូរសមាជិកភាគហ៊ុន បន្ថែមឬបន្ថយដើមទុន ផ្លាស់ប្តូរឈ្មោះអាជីវកម្ម ទីតាំង​ឬកម្មវត្ថុអាជីវកម្មជាដើម។ 

១០. ប្រកាសបិទអាជីវកម្ម

បើទោះមានបញ្ហាត្រូវបិទអាជីវកម្ម ម្ចាស់អាជីវកម្មចាំបាច់ត្រូវបំពេញពាក្យស្នើរសុំបិទអាជីវកម្មទៅកាន់សាខាពន្ធដារ អគ្គនាយកដ្ឋានពន្ធដារ និងក្រសួងពាណិជ្ជកម្ម បើមិនដូច្នោះទេ ម្ចាស់អាជីវកម្មនៅតែមានកាតព្វកិច្ចបង់ពន្ធផ្សេងៗ និងរងការផាកពិន័យ។ 

ដំណើរការទាំងនេះអាចនឹងសាំញាំខ្លះសម្រាប់ម្ចាស់អាជីវកម្មមួយចំនួន ប៉ុន្តែក៏មានក្រុមហ៊ុនដែលជួយសម្រួលការងារទាំងអស់នេះផងដែរ តួយ៉ាងដូចជាក្រុមហ៊ុន Making It Easyរបស់លោក គង់ គឹមសុផាតជាដើម ហើយលោកក៏នឹងជួយប្រឹក្សាយោបល់ឥតគិតថ្លៃរយៈពេល ៣០នាទីផងដែរ។ លោក លោកស្រីជាម្ចាស់អាជីវកម្ម អាចទំនាក់ទំនងក្រុមការងារ​ លោកសុផាតតាមរយៈ អ៊ីម៉ែល [email protected]ទូរស័ព្ទ ០៨៥៩១៤២០១ និង ០៧០៩១៤២០១៕ 

Sathapanabank Online

តើលោកអ្នកពេញចិត្តអត្ថបទមួយនេះទេ?​សូមចូលរួមផ្តល់មតិកែតម្រូវ!

RELATED ARTICLES