





យោងតាមការចុះផ្សាយរបស់ក្រុមហ៊ុន ESTA បានឱ្យដឹងថា កូវីដ១៩ វាយលុកតែ ១ឆ្នាំសោះ បានធ្វើបណ្តាប្រទេសចំនួន ១០នៅលើពិភពលោក ដែលកើបពីឧស្សាហកម្មទេសចរណ៍ ខាតបង់ចំណូលជាង ៤៤២ ពាន់លានដុល្លារអាមេរិក។ ប្រទេសទាំង ១០ ដែលកើបលុយពីទេសចរណ៍នោះ រួមមានដូចខាងក្រោម៖
១.ប្រទេសសហរដ្ឋអាមេរិក ជាប្រទេសដែលមានករណីឆ្លងជំងឺកូវីដ១៩ ច្រើនជាងគេបំផុតនៅលើពិភព លោក គឺសហរដ្ឋ អាមេរិក បានទទួលរងនូវការធ្លាក់ចុះដ៏ធំបំផុតនៃប្រាក់ចំណូលពីវិស័យទេសចរណ៍ ជាមួយនឹងការខាតបង់សរុបចំនួន ១៤៧.២៤ ពាន់លានដុល្លារអាមេរិក។
២. ប្រទេសអេស្បាញជាប្រទេសដែលមានភ្ញៀវទេសចរបរទេសតិចជាង ២០លាននាក់នៅឆ្នាំ ២០២០ ដែលធ្វើឱ្យប្រទេសនេះ បាត់បង់ប្រាក់ចំណូលធំជាងគេទី ២ ចំនួន ៤៦.៧០ ពាន់លានដុល្លារអាមេរិក។
៣. ប្រទេសបារាំង ជាប្រទេសដែលមានភ្ញៀវទេសចរណ៍ច្រើនជាងគេបំផុតលើពិភពលោក ដែលមានភ្ញៀវទេសចរណ៍ជាង ៨៩ លាននាក់ក្នុងមួយឆ្នាំៗ ប៉ុន្តែផលប៉ះពាល់មេរោគរាតត្បាតកូវីដ ១៩ បានរុញច្រានឱ្យប្រទេសនេះ បាត់បង់ប្រាក់ចំណូលសរុបចំនួន ៤២.០៣ ពាន់លានដុល្លារអាមេរិក។
៤. ប្រទេសថៃ គឺជាប្រទេសមួយដែលខាតបង់ចំណូលទេសចរណ៍ច្រើនជាងគេបំផុតនៅលើពិភពលោកដែលមានការបាត់បង់ ៣៧.៥០ ពាន់លានដុល្លារ។
៥. ប្រទេសអាល្លឺម៉ង់ ការរីករាលដាលនៃជំងឺកូវីដ១៩ នៅទូទាំងពិភពលោក បានធ្វើឱ្យប្រទេសនេះ បាត់បង់ប្រាក់ចំណូលពីវិស័យទេសចរណ៍សរុបចំនួន ៣៤.៦៤ ពាន់លានដុល្លារអាមេរិក។
៦. ប្រទេសអ៊ីតាលី កូវីដ១៩ វាយលុកជាង ១ឆ្នាំសោះ បានធ្វើឱ្យប្រទេសនេះ ខាតបង់ចំណូលដ៏ធំពីឧស្សាហកម្មគ្មានផ្សែងសរុបចំនួន ២៩.៦៦ ពាន់លានដុល្លារអាមេរិក។
៧. ប្រទេសអង់គ្លេស ជាប្រទេសដែលមានភ្ញៀវទេសចរណ៍មកដំណើរកម្សាន្តជាច្រើននៅលើពិភពលោក តែកូវីដ១៩ បានធ្វើឱ្យប្រទេសនេះ ខាតបង់ប្រាក់ចំណូលពីទេសចរណ៍សរុបចំនួន ២៧.៨៨ ពាន់លានដុល្លារអាមេរិក។
៨. ប្រទេសអូស្ត្រាលី ប្រទេសមួយនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានភ្ញៀវទេសចរណ៍មកទស្សនាច្រើនផងដែរ ប៉ុន្តែកូវីដ១៩ បានធ្វើឱ្យប្រទេសនេះ ខាតបង់ចំណូលពីវិស័យទេសចរណ៍សរុបចំនួន ២៧.០៧ ពាន់លានដុល្លារអាមេរិក។
៩. ប្រទេសជប៉ុន ក៏ជាប្រទេសមួយដ៏ល្បីល្បាញអាចទាក់ទាញភ្ញៀវទេសចរណ៍ឱ្យមកទស្សនាប្រទេសខ្លួនបានយ៉ាងច្រើន ប៉ុន្តែកូវីដ១៩ បានធ្វើឱ្យប្រទេសនេះ ខាតបង់នូវប្រាក់ចំណូលសរុបចំនួន ២៦.០២ ពាន់លានដុល្លារអាមេរិក។
១០. ទីក្រុង ហុង កុង (ប្រទេសចិន) នេះជាប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ទី៤ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននៅលើពិភពលោកមកទស្សនាប្រទេសខ្លួន តែដោយការរីករាលដាលនៃជំងឺកូវីដ១៩ បានធ្វើឱ្យប្រទេសនេះ បាត់បង់ប្រភពចំណូលពីវិស័យនេះសរុបចំនួន ២៤.០៦ ពាន់លានដុល្លារអាមេរិក។
ទន្ទឹមនឹងនេះ ការធ្វើដំណើរនិងទេសចរណ៍ គឺជាឧស្សាហកម្មមួយក្នុងចំណោមឧស្សាហកម្មសំខាន់ៗដែលត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺកូវីដ១៩ ដែលធ្វើឱ្យប្រទេសជាច្រើនគ្មានជម្រើសក្រៅពីបិទព្រំដែនរបស់ពួកគេ ចំពោះភ្ញៀវទេសចរអស់រយៈពេលជាច្រើនខែ ដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតនេះ។
ជាលទ្ធផលនៃការហាមឃាត់ការធ្វើដំណើរទាំងនេះចំនួនជើងហោះហើរ និងវិស្សមកាលជាច្រើនត្រូវបានលុបចោលពេញមួយឆ្នាំ២០២០ បានរុញច្រានឱ្យទេសចរណ៍ពិភពលោកធ្លាក់ចុះទាបបំផុត៕
អត្ថបទដោយ៖ សុណេត