សហគ្រិនឆ្នើម២រូប បង្ហើបជំនាញ១ ធ្វើឱ្យយុវជនរកស៊ីជោគជ័យ និងក្លាយជាអ្នកមាន

យុវជនដែលចង់ចេញរកស៊ី និងជោគជ័យលើមុខជំនួញ លុះត្រាតែចេះជំនាញលក់ឲ្យពូកែសិន ឬហៅថាស្តេចលក់ ព្រោះបើមិនចេះលក់ទេ រកស៊ីមុខរបរអ្វីក៏ដោយនឹងបរាជ័យមិនខាន។ ម្ចាស់អាជីវកម្មអាចបង្កើតមុខរបរតាមអ្វីខ្លួនស្រឡាញ់ មានចំណង់ចំណូលចិត្តខ្ពស់ មានទីផ្សារ និងត្រូវខិតខំហ្វឹកហាត់ជំនាញលក់ឲ្យបានខ្លាំង បើចង់ឈរជើងលើទីផ្សារបានយូរ។

ឧកញ៉ាចិត្រ សេរីសុភ័ក្ត្រ មានប្រសាសន៍ថា មិនថាយុវជន ឬសហគ្រិនចេញរកស៊ីមុខរបរអ្វីនោះទេ បើមិនចេះជំនាញលក់ទេ ឬមិនខំហ្វឹកហាត់ជំនាញនេះឲ្យពូកែទេ មិនអាចជោគជ័យបានឡើយ ព្រោះអាជីវកម្មទាំងអស់ផ្អែកសំខាន់លើជំនាញលក់ អាចលក់សេវាកម្ម ផលិតផល សុទ្ធសឹងតែទាមទារឲ្យមានជំនាញ និងបទពិសោធន៍ខ្ពស់។

បន្ថែមពីលើនេះ ជំនាញលក់ផ្អែកលើទ្រឹស្តី ទំនាក់ទំនង ពន្យល់ហេតុផល ប្រៀធៀប ហើយជំនាញនេះអាចកើតមានបានលុះត្រាតែយើងចូលចិត្ត និងពូកែលើមុខរបរតែម្តង កុំគ្រាន់តែឃើញគេជោគជ័យ ហើយខ្លួនឯងមិនចេះដឹងជ្រៅរាកផង ក៏ប្រឡូកដែល អត្រាហានិភ័យពិតជាខ្ពស់មែនទែន សម្រាប់សហគ្រិន។

លោកឧកញ៉ាបន្តថា ការចាប់ផ្តើមអាជីវកម្មចាប់ពីថ្ងៃនេះតទៅ ពោរពេញទៅដោយការប្រកួតប្រជែងគ្នាខ្លាំងណាស់ បើយើងគ្មានជំនាញច្បាស់លាស់ លើអាជីវកម្មដែលយើងរកស៊ីទេ អត្រាគេវៃស្លាប់លើសមរភូមិមានច្រើន។ ហើយអ្នករកស៊ីមួយចំនួន នៅមិនទាន់មានភាពនឹងននៅឡើយ គាត់តែងរែរាទៅតាមទីផ្សារខាងក្រៅ ដែលធ្វើឲ្យគាត់ចាប់របរនេះផង របរនោះផង រហូតខ្សោះកម្លាំង លែងចង់រកស៊ី។

សម្រាប់វិស័យអចលនទ្រព្យ ដើម្បីលក់អចលនទ្រព្យមួយដាច់ មិនមែនជារឿងងាយស្រួលនោះទេ ទាមទារឱ្យមានការខិតខំប្រឹងប្រែងខ្លាំងណាស់ ទម្រាំលក់ដាច់ផ្ទះមួយខ្នង ឬដីធ្លីមួយឡូត៍ជាដើម ដែលទាមទារឱ្យភ្នាក់ងារអចលនទ្រព្យមានជំនាញពូកែលក់ ប៉ិនប្រសព្វក្នុងការចរចា ជាមួយអ្នកទិញ និងអ្នកលក់ និងចេះប្រើប្រាស់យុទ្ធសាស្ត្រល្អ ដើម្បីលក់អចលនទ្រព្យឆាប់ដាច់។ មនុស្សជាច្រើនយល់ថា បុគ្គលដែលធ្វើការផ្នែកលក់ ឬភ្នាក់ងារអចលនទ្រព្យត្រូវតែពូកែនិយាយ ទើបលក់ដាច់ តាមពិតជាក់ស្តែងមិនចឹងនោះទេ បើត្រឹមតែពូកែនិយាយច្រើនជាងអតិថិជន ដោយមិនបានស្តាប់ពីតម្រូវការទេនោះ ច្បាស់ណាស់លក់មិនដាច់នោះឡើយ។

លោកគាម សៀកឡុង ស្ថាបនិកក្រុមហ៊ុន Century21 Dream Property បានថ្លែងថា ភ្នាក់ងារអចលនទ្រព្យដែលពូកែលក់មិនមែនបុគ្គលដែលពូកែនិយាយច្រើនរហូតដល់អតិថិជនធុញទ្រាន់លែងចង់ស្តាប់នោះទេ តែត្រូវជាបុគ្គលដែលពូកែស្តាប់អំពីតម្រូវការអតិថិជន តើអតិថិជនត្រូវការអ្វី មានចម្ងល់អ្វី មានបញ្ហាអ្វី ចង់ឱ្យយើងជួយដោះស្រាយអ្វី ទើបអាចឱ្យយើងបំពេញសេចក្តីត្រូវការ និងដោះស្រាយឱ្យពួកគេ ទើបឈានដល់ការលក់អចលនទ្រព្យមួយដាច់បាន។

លោកបានបញ្ជាក់ថា សុខចិត្តជ្រើសរើសបុគ្គលិកពូកែលក់ មិនជ្រើសរើសបុគ្គលិកពូកែតែនិយាយពេកនោះទេ។ ហើយអ្នកធ្លាប់រៀនជំនាញIT ឬហិរញ្ញវត្ថុប្រហែលពិបាកធ្វើបន្តិច ដោយសារតែអ្នកធ្វើការផ្នែកអចលនទ្រព្យត្រូវតែជាមនុស្សពូកែទំនាក់ទំនង និងផ្តោតធ្វើការងារខ្លាំងបំផុត ព្រោះពេលខ្លះត្រូវធ្វើការហៀរដល់យប់ ដោយសារត្រូវណាត់ភ្ញៀវ និងធ្វើការគ្មានសៅរ៍អាទិត្យ ថ្ងៃបុណ្យនោះទេ បើអ្នកមិនអាចធ្វើនូវចំណុចទាំងនេះទេ មិនចាំបាច់ធ្វើនោះទេ មិនជោគជ័យឡើយ។

និយាយចំណុចណា ដែលមានប្រយោជន៍ ចំពេល ផ្តោតសំខាន់លើគោលដៅ ដែលអតិថិជនចង់បាន កុំបាច់និយាយហូរហែរច្រើនពេករហូតគេលែងចង់ស្តាប់យើងនោះទេ ត្រង់ចំណុចនេះអ្នកលក់អចលនទ្រព្យត្រូវតែងស្វែងយល់ឱ្យបានច្បាស់៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

ទំនាក់ទំនងអ្នកនិពន្ធ:Email: [email protected],Facebook:Morn Vuthea

 

ដើម្បីទទួលបានព័ត៌មានកាន់តែលឿន និងច្បាស់លាស់អំពីការធ្វើជំនួញឫអាជីវកម្មថ្មីៗ ប្លែកៗសូមធ្វើការទាញយកកម្មវិធីថ្មីរបស់ Business Cambodia ដូចខាងក្រោម៖

សម្រាប់អ្នកប្រើប្រាស់ Android: https://play.google.com/store/apps/details?id=com.businesscambodia.app

សម្រាប់អ្នកប្រើប្រាស់ IOS: https://apps.apple.com/kh/app/business-cambodia-app/id1460967958

ទំនាក់ទំនងផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម៖ ០១៧/០៩៣ ៣០០ ៧៥៥

Online

RELATED ARTICLES