https://business-cambodia.com/static/3fa983bb-1c52-4616-92c9-ac11b8fb4b0ahttps://business-cambodia.com/static/6fee374d-4e52-43a9-aa7a-11a5d3e92b85https://business-cambodia.com/static/91a38920-de5f-4e1d-ae8a-2664df6e29a6
https://business-cambodia.com/static/01287b62-7a8e-462f-801f-7aef721f2a84
អត្ថបទ >
មុខរបរកសិកម្ម
ផ្លែមន ១គីឡូ ៨ដុល្លារ ! អ្នកស្រី ឡី ចាន់នី កំពុងកាក់កបខ្លាំង ១ថ្ងៃបេះបាន៤០គីឡូ លក់អស់ៗគ្មានសល់

Cheng Lyka

April 20 2022

350

និយាយដល់ដំណាំមនឬជាភាសាអង់គ្លេសគេហៅថា Mulberry ប្រាកដជា​មាន​បង​ប្អូន​ខ្លះបានស្គាល់ថាជា ប្រភេទដំណាំម្យ៉ាងដែលគេនិយមដាំ​យកស្លឹក​ធ្វើ​ជា​ចំ​ណី​ដង្កូវនាង ផ្លែ​វា​មាន​​លក្ខណៈស្រដៀងទៅនឹងទំពាំងបាយជូរ ប៉ុន្ដែ​វាតូចជាង​និ​ង​​​ពណ៍​ខ្មៅ​លាយ​ក្រហម​តិច​ៗ មានរសជាតិជូរ-ផ្អែម ចំពោះបងប្អូនអ្នកខ្លះទៀត ក៏មិនទាន់បាន​ស្គាល់នៅឡើយទេ ព្រោះ​ថា​នៅស្រុក​ខ្មែរយើ​ងមិន​សូវជា​មា​ន​អ្នក​ដំ​ណាំ​នេះ​ច្រើនប៉ុ​ន្មានទេ។

តួយ៉ាងដើមមនរាប់ពាន់ដើមដុះលូតលាស់ផ្ដល់ផ្លែឡើងខ្មៅពេញដើម កំពុងមានវត្ដ​មាននៅ ភូមិ អូរពងមាន់ ឃុំ​ តាក្រៀម ស្រុក បាណន់ ខេត្ដបាត់ដំបង។ នៅ​លើ​ផ្ទៃដីជាង ២ ហិកតា អ្នកស្រី ឡី ចាន់នី លម្ចាស់ចំការដំណាំកម្រនេះ ​​អាច​​ប្រមូលផលបានក្នុងមួយថ្ងៃ ៤០ គីឡូក្រាម (បេះមួយថ្ងៃ ខានមួយថ្ងៃ) និងលក់ផ្លែស្រស់បានមួយគីឡូ ៨ ដុល្លារ និងច្នៃផលិតជាទឹកមន មួយដប ៨០០០​រៀលទៀត។

ថ្លែងប្រាប់ក្រុមការងារ Business Cambodia ក្នុងបទសម្ភាសន៍តាមរយៈទូរស័ព្ទ អ្នកស្រី ឡី ចាន់នី ដែលជាម្ចាស់ចំការមន បានមានប្រសាសន៍ថា “ខ្ញុំដាំមន​នេះរយៈពេល ២ ឆ្នាំមកហើយ ពីមុនខ្ញុំធ្លាប់តែស្គាល់មនដែលខ្មែរយើងនិយមដាំ ដើម្បីយកស្លឹកធ្វើជាចំណីដង្កូវនាង ប៉ុន្ដែបន្ទាប់ពីបងប្អូនខ្ញុំបានណែនាំឲ្យដាំ ទើប​ខ្ញុំ​ដឹងថាពូជខុសគ្នា មួយជា​ពូជសម្រាប់​ដាំយកស្លឹក​ហើយផ្លែ​វាមន​ មានលក្ខណៈ​តូចៗ ហើយចំណែកពូជដែលខ្ញុំដាំនេះ ជាប្រភេទពូជដាំយកផ្លែ តែពូជ​នេះ​មិ​ន​សូវ​​​មានអ្នកដាំនៅខ្មែរទេ ភាគច្រើនគេដាំនៅជប៉ុ​ន កូរ៉េ ចិន និងនៅ​ថៃ​ជា​ដើម​​”។

ខណៈមិនសូវជាមានអ្នក​ស្គាល់ ដាំហើយអាចជួបហានិភ័យលក់មិនចេញ និងត្រូវនៅសល់​​​​​​ពេញចំការ។ តើមូលហេតុអ្វីបានជាម្ចាស់ចំការ​រូបនេះ ​សម្រេច​ចិត្ដដាំមន មិនខ្លាចថាគ្មានទីផ្សារលក់ចេញ? ត្រង់ចំណុចនេះ អ្នកស្រី ចាន់នី បានប្រាប់ឲ្យដឹ​ងថា អ្នកស្រីមិនញញឺតដាក់ដាំដំណាំមននេះ ដោយសារតែប្អូន​របស់​អ្នកស្រី​បាន​ប្រាប់​ថា មនគឺមានសារៈ​ប្រ​យោ​ជន៍​ច្រើន​ណាស់ ហើយ​បើបង​ប្អូនខ្មែរយើងបានដឹងប្រាកដជាមិនខ្លាចទិញញ៉ាំនោះទេ។

បន្ទាប់ពីលឺសម្ដីប្អូនបែបនេះអ្នកស្រីបានឲ្យកូនស្រាវជ្រាវមើលបន្ថែមពីអត្ថប្រយោជន៍របស់មនក្នុងអ៊ីន​ធើណេត ទើបដឹងថា មនមិន​ត្រឹមតែ​ជាផ្លែឈើ​ដែល​មាន​រស​ជាតិ​​ឆ្ញាញ់នោះទេ ស្លឹក និងផ្លែ​របស់វា សុទ្ធតែជាថ្នាំអាចព្យាបាលជំងឺជាច្រើនមុខ ដូចជា រដូវមិនទៀង ខ្វះ​គ្រាប់ឈាមក្រហមឧស្សាហ៍វិលមុខ ឈឺ​ក្រពះ…​។​ ជាងនេះទៀតមនអាចលក់បាន​ទាំងដើម ស្លឹក និងផ្លែ ដូច្នេះ​អ្នកស្រី​ជឿជាក់​ថាដាំ​ហើយបានផលនិងមិនខ្វះទីផ្សា​រលក់ទេ។

អាស្រ័យហេតុផលខាងលើអ្នកស្រីក៏សម្រេចចិត្ដទិញពូជពីប្រទេសថៃនិងដាំសាកល្បងប្រមាណជាង ១០០ដើម។ ក្រោយដាំបានផល ម្ដាយមីង​របស់អ្នកស្រី​ជាអ្នក​សាក​ល្បងមុនគេ គាត់បាន​បេះ​ផ្លែ​និងស្លឹកយកក្រឡុកផឹករយៈពេលមួយឆ្នាំពេញ លទ្ធផលគឺថា សាច់ដុះតូចៗលើខ្នងរបស់គាត់បានស្វិតរាប់ស្មើអស់ ហើយ​ចំពោះ​អាការៈ​លើសឈាម បើភ្លេចលេចថ្នាំ មនក៏អាចជួយ​ការពារ​កុំឲ្យ​ឈាម​ឡើង​បានដែរ។

ដោយមើលឃើញជាក់ស្ដែងបែបនេះ អ្នកស្រីនិងស្វាមីក៏បានពង្រីកពូជដាំបន្ថែ​ម​រហូតដល់រាប់ពាន់ដើមដូចសព្វថ្ងៃ។ ម្ចាស់ចំការមនអ្នកខេត្ដបាត់ដំបងរូបនេះ បានបន្ថែមទៀតថា គិតតាំងពីដាំរហូតដល់អាចប្រមូលផលបាន គឺចំណាយពេល​ប្រមាណ១ឆ្នាំ ហើយដំណាំមននេះបន្ទាប់ពីដាំ វាឲ្យផលរហូត យើងអាចប្រមូលផ​លបានរាប់ថ្ងៃ គ្រាន់តែតិចនិងច្រើនទៅតាមទំហំដាក់ដាំ។ រីឯបច្ចេកទេសនៃការដាក់ដាំវិញ មិនពិបាកទេ ជីក៏មិន​បាច់​​ដាក់​​ដែរ បាញ់តែទឹក ឲ្យបានគ្រប់គ្រាន់ទៅបានហើយ ដំណាំមននេះ ដាក់កន្លែងណាដីនឹងធូរកន្លែងហ្នឹង វាមិន​ត្រឹមតែ​ជួយ​ដល់សុខភាពមនុស្សទេ វាក៏អាចជួយព្យាបាលដីបានដែរ។

ត្បិតថាបច្ចេកទេសដាំមិនសូវពិបាកក៏ពិតមែន តែអ្វីដែលពិបាកបំផុតសម្រាប់អ្នក​ដាំមន គឺនៅពេលប្រមូលផល​ ព្រោះផ្លែវាតូចៗ បើយើងបេះនិងទុក​​​ដាក់​មិន​ស្រួល​​​ទេ វានិងទក់ខូចអស់ជាមិនខាន។ ចំពោះបច្ចេកទេសថែទាំវិញ​ក៏គ្មាន​អ្វី​ពិបាកដែរ គ្រាន់តែតែងមែកឲ្យបានស្អាត មននឹងផ្ដល់ផ្លែផ្កាឲ្យកាន់តែច្រើន។

គូសបញ្ជាក់ផងដែរថា បច្ចុប្បន្ន អ្នកស្រី ឡឺ ចាន់នី មានលក់ផ្លែមនទាំងស្រស់ និងកិនធ្វើ ហើយក៏មានលក់ពូជដើមមនផងដែរ។ ក្នុងផ្លែមនស្រស់មួយគីឡូតម្លៃ ៨ដុល្លារ ទឹកមនមួយដបតម្លៃ ៨០០០រៀល និងដើមមនពូជ តម្លៃ ២០០០០រៀល ក្នុងមួយដើម។សម្រាប់ព័ត៌មានបន្ថែម បងប្អូនអាច​ធ្វើការទំនាក់​ទំនងទៅ​កាន់​លេខ​ទូរស័ព្ទ៖ 096 333 9536/086 88 77 82៕

អត្ថបទដោយ៖​ សារ ធូរ៉ា

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth